ស្រីលង្កាប្រឈមវិបត្តិប្រេងសាំងធ្ងន់ធ្ងរ កាត់ថ្ងៃធ្វើការនៅត្រឹម៤ថ្ងៃក្នុងសប្ដាហ៍

ស្រីលង្កាប្រឈមវិបត្តិប្រេងសាំងធ្ងន់ធ្ងរ កាត់ថ្ងៃធ្វើការនៅត្រឹម៤ថ្ងៃក្នុងសប្ដាហ៍

ស្រីលង្កាបានក្លាយជាប្រទេសអាស៊ីចុងក្រោយគេដែលត្រូវចាត់វិធានការសន្សំសំចៃយ៉ាងធ្ងន់ធ្ងរដើម្បីទប់ទល់នឹងវិបត្តិប្រេងសាំងដ៏ធ្ងន់ធ្ងរ។ រដ្ឋាភិបាលបានសម្រេចកាត់ថ្ងៃធ្វើការនៅត្រឹម៤ថ្ងៃប៉ុណ្ណោះក្នុងមួយសប្ដាហ៍។

វិបត្តិប្រេងសាំងនៅស្រីលង្កា

តាមការផ្សាយរបស់ CNA នៅថ្ងៃអង្គារទី១៧ ខែមីនា ឆ្នាំ២០២៦ លោក Prabath Chandrakeerthi អគ្គស្នងការនៃសេវាសារវន្តបានបញ្ជាក់ថា ស្ថាប័នរដ្ឋទាំងអស់នឹងដំណើរការត្រឹមតែ៤ថ្ងៃក្នុងសប្ដាហ៍ ដោយចាប់ផ្ដើមពីថ្ងៃពុធនេះតទៅ។ វិធានការនេះក៏នឹងត្រូវអនុវត្តចំពោះសាលារៀន និងសាកលវិទ្យាល័យផងដែរ។

ការបែងចែកប្រេងសាំងនៅស្រីលង្កា

ទន្ទឹមនោះ រដ្ឋាភិបាលទីក្រុងកូឡុំបូក៏បានស្នើឱ្យផ្អាកពិធីបុណ្យសាធារណៈទាំងអស់ និងសុំឱ្យមន្ត្រីរដ្ឋការធ្វើការពីផ្ទះតាមដែលអាចធ្វើទៅបាន។ យ៉ាងណាក៏ដោយ សេវាសារវន្តសំខាន់ៗដូចជាមន្ទីរពេទ្យ កំពង់ផែ និងសេវាសង្គ្រោះបន្ទាន់នឹងនៅតែបន្តដំណើរការជាធម្មតា។

ស្ដុកប្រេងសាំងបម្រុងរបស់ស្រីលង្កាអាចប្រើប្រាស់បានជិត៦សប្ដាហ៍ទៀត ប៉ុន្តែបើមានរំខានដល់ការផ្គត់ផ្គង់ថ្មី វានឹងជះឥទ្ធិពលធ្ងន់ធ្ងរបំផុត។ ស្រីលង្កាបានចាប់ផ្ដើមការបែងចែកប្រេងឥន្ធនៈ ដោយកំណត់ឱ្យអ្នកបើកបរម្នាក់ៗចាក់ប្រេងត្រឹម១៥លីត្រក្នុងសប្ដាហ៍ ខណៈមធ្យោបាយដឹកជញ្ជូនសាធារណៈត្រូវបានអនុញ្ញាតឱ្យចាក់បានរហូតដល់២០០លីត្រ។

ក្រៅពីស្រីលង្កា ប្រទេសប៉ាគីស្ថានក៏កំពុងប្រឈមនឹងវិបត្តិថាមពលរ៉ាំរ៉ៃដែរ ដោយបានចាប់ផ្ដើមអនុវត្តការបិទផ្សារនិងអាជីវកម្មឱ្យលឿនជាងមុន និងអនុញ្ញាតឱ្យមន្ត្រីរដ្ឋការធ្វើការពីផ្ទះនៅថ្ងៃសុក្រ។

administrator

Related Articles