រាជធានីភ្នំពេញ – កម្ពុជា និងអូស្ត្រាលី បានបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស (TVET) តាមរយៈការបង្កើតមជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា (ACE-C) ដែលគេស្គាល់ថា អេស ខេ ម បូ ឌា។

នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Bridget Collier ភារធារីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលនេះ។

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានសម្តែងការអបអរសាទរចំពោះសមិទ្ធផលថ្មីនេះ ដោយសង្កត់ធ្ងន់ថា ការបើកអេស ខេ ម បូ ឌា គឺមិនត្រឹមតែជាការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលីប៉ុណ្ណោះទេ តែក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃភាពជាដៃគូរវាងភាគីទាំងពីរ។
មជ្ឈមណ្ឌលនេះនឹងដើរតួនាទីជាវេទិកាឈានមុខក្នុងការបណ្តុះបណ្តាលជាក់ស្តែងផ្នែកយានយន្ត ដោយណែនាំវិធីសាស្ត្រ “រៀនផង ធ្វើការផង” តាមគំរូប្រព័ន្ធសិស្សរបស់អូស្ត្រាលី។

កិច្ចសហប្រតិបត្តិការនេះផ្តោតលើអាទិភាពយុទ្ធសាស្ត្រចម្បង៥យ៉ាង៖ (១) ការពង្រឹងជំនាញ និងការរៀនជំនាញថ្មី, (២) នវានុវត្តន៍ និងគម្រោងសាកល្បង, (៣) ការបំប្លែងឌីជីថលក្នុង TVET, (៤) ការសម្របសម្រួលគោលនយោបាយ និង(៥) ការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា។

តាមរយៈការរួមបញ្ចូលកម្មវិធីសិក្សារបស់ Bendigo Kangan Institute (BKI) និងបច្ចេកវិទ្យាឧស្សាហកម្មទំនើបរបស់ RMA កម្ពុជាបានបង្កើតមជ្ឈមណ្ឌលគំរូសម្រាប់នវានុវត្តន៍ក្នុងការវិភាគវិនិច្ឆ័យ យានយន្តអគ្គិសនី និងសុវត្ថិភាព។

លោកស្រី Bridget Collier បានចាត់ទុកមជ្ឈមណ្ឌលនេះជាជំហានថ្មីមួយទៀតក្នុងកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និងកម្ពុជា ដែលបានបន្តយូរមកហើយក្នុងវិស័យអប់រំ និងការអភិវឌ្ឍសមត្ថភាពមនុស្ស។

មជ្ឈមណ្ឌលនេះនឹងគាំទ្រដល់សិស្សរាប់ពាន់នាក់នៅក្នុងឆ្នាំខាងមុខ ក្នុងការកសាងជំនាញ ពង្រឹងអាជីព និងការរីកចម្រើនបន្តទៀតនៃវិស័យយានយន្ត និងវិស័យផលិតកម្មកម្ពុជា។

កិច្ចសហការនេះផ្តល់ឱ្យយុវជននូវសមត្ថភាពឧស្សាហកម្មជាមួយនឹងទេពកោសល្យ ដែលអាចជួយប្រទេសកម្ពុជាសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០។


