ធនាគារពិភពលោកថ្លែងប្ដេជ្ញាបន្តគាំទ្រកម្ពុជា សម្រាប់គោលដៅប្រែក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

ធនាគារពិភពលោកថ្លែងប្ដេជ្ញាបន្តគាំទ្រកម្ពុជា សម្រាប់គោលដៅប្រែក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅវិមានសន្តិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានទទួលជួបឯកឧត្តម Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងសហការី។

កិច្ចជួបរវាងសម្ដេចធិបតី និងអនុប្រធានធនាគារពិភពលោក

ក្នុងជំនួបនេះ ឯកឧត្តម Jaramillo បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី និងកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា។ លោកបានបញ្ជាក់ពីការគាំទ្ររបស់ធនាគារពិភពលោកចំពោះគោលដៅប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ធនាគារពិភពលោកបានកំណត់អាទិភាពចម្បងក្នុងការផ្តល់ជំនួយដល់កម្ពុជា ដោយផ្តោតលើវិស័យសក្តានុពល ៥ ប្រភេទ៖ កសិកម្ម ទេសចរណ៍ កម្មន្តសាល សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធ។

កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងធនាគារពិភពលោក

សម្ដេចធិបតីបានសម្ដែងការស្វាគមន៍ និងអរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចបានបញ្ជាក់ពីគោលនយោបាយក្នុងការជំរុញវិស័យអាទិភាពជាច្រើន ដើម្បីកសាងភាពធន់របស់កម្ពុជា។

អនុប្រធានធនាគារពិភពលោកជួបសម្ដេចធិបតី

ភាគីទាំងពីរក៏បានពិភាក្សាអំពីអាទិភាពសំខាន់ៗក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដោយផ្តោតលើការអភិវឌ្ឍវិស័យអប់រំ ការកសាងធនធានមនុស្ស និងការពង្រឹងសមត្ថភាពយុវជន។

ធនាគារពិភពលោកបានប្តេជ្ញាបន្តគាំទ្រ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានសន្ទុះខ្លាំងក្លា និងប្រកបដោយចីរភាព។

administrator

Related Articles