ភ្នំពេញ៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងចម្រុះចុះធ្វើសកម្មភាពរដ្ឋបាលតាមមូលដ្ឋាន នៅសង្កាត់ទួលសង្កែទី២ និងសង្កាត់ស្វាយប៉ាក កាលពីល្ងាចថ្ងៃទី១៦ មីនា ២០២៦។

ការចុះត្រួតពិនិត្យនេះ មានគោលបំណងពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ដោយលោកអភិបាលខណ្ឌបានជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពលរដ្ឋដោយផ្ទាល់ ក្នុងបរិយាកាសស្និទ្ធស្នាល។

លោកបានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខណ្ឌក្នុងការអនុវត្តវិធានការផ្សេងៗ ពាក់ព័ន្ធនឹងការរក្សាសន្តិសុខសង្គម សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ការងារអនាម័យ និងការកែលម្អបរិស្ថាននៅតាមមូលដ្ឋាន។

លោក ជិន ប៊ុនធឿន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នជានិច្ចចំពោះហានិភ័យគ្រោះអគ្គិភ័យដែលអាចកើតមានឡើងដោយមិនបានរំពឹងទុក។

លោកអភិបាលខណ្ឌ ក៏បានជំរុញឲ្យប្រជាពលរដ្ឋសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដោយផ្ដល់ព័ត៌មានឲ្យបានទាន់ពេលវេលា តាមរយៈក្រុមតេឡេក្រាមរបស់រដ្ឋបាលសង្កាត់ទាំង៧ ឬទំនាក់ទំនងទៅកាន់អាជ្ញាធរ និងប៉ុស្តិ៍នគរបាលដែលនៅជិតបំផុត។

ការចូលអន្តរាគមន៍ឆាប់រហ័សនេះ នឹងអាចធ្វើបាននៅពេលមានបញ្ហាអសន្តិសុខ ឬគ្រោះអគ្គិភ័យកើតឡើង ដោយធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅក្នុងតំបន់។
ដោយ៖ តារា
