ប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងចក្រភពអង់គ្លេស បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ប្រឆាំងការវាយលុកជើងគោកទ្រង់ទ្រាយធំរបស់អ៊ីស្រាអែលក្នុងប្រទេសលីបង់។

ក្នុងសេចក្តីថ្លែងការណ៍ផ្សាយដោយ BBC នៅថ្ងៃអង្គារទី១៧ខែមីនាឆ្នាំ២០២៦ មហាអំណាចលោកខាងលិចទាំង៥ព្រមានថា ប្រតិបត្តិការនោះ នឹងបង្កឲ្យមានផលវិបាកដ៏មហន្តរាយដល់មនុស្សធម៌ និងអាចពង្រីកភ្លើងសង្គ្រាមឲ្យឆាបឆេះ រាលដាលពេញតំបន់ក្នុងរយៈពេលយូរ។

ទន្ទឹមនោះដែរ ប្រទេសទាំង៥បានអំពាវនាវឲ្យអ៊ីស្រាអែល បញ្ឈប់សកម្មភាពជាបន្ទាន់ ហើយធ្វើបែបណា ត្រូវបន្ធូរបន្ថយភាពតានតឹងឲ្យខាងតែបាន។ ការវាយប្រហារកំណត់គោលដៅលើជនស៊ីវិល បុគ្គលិកសុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ និងបុគ្គលិកអង្គការសហប្រជាជាតិ គឺជាទង្វើដែលមិនអាចទទួលយកបានសោះឡើយ។
សេចក្តីថ្លែងការណ៍នេះកើតឡើង បន្ទាប់ពីដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បញ្ជាក់ថា កងទ័ពជើងគោកបានឆ្លងដែនចូលទៅភាគខាងត្បូងប្រទេសលីបង់ហើយ ដើម្បីបើកប្រតិបត្តិការជើងគោក។
មុនប្រតិបត្តិការនេះ អ៊ីស្រាអែលបានវាយប្រហារអាកាសរួចហើយ ចាប់តាំងពីដើមខែមីនាមក ដោយបណ្តាលឲ្យមនុស្ស៨០០នាក់ស្លាប់ ក្នុងនោះមានទាំងស្ត្រី និងកុមារជាច្រើនផងដែរ។
ជុំវិញស្ថានការណ៍វិវឌ្ឍថ្មីនេះ ជនភៀសខ្លួនជិត ១លាននាក់ បានបោះបង់ចោលផ្ទះសម្បែងរបស់ពួកគេ ដើម្បីគេចពីតំបន់ប្រយុទ្ធ។
ប្រតិបត្តិការនេះ គឺជាប់ពាក់ព័ន្ធ ជាមួយសង្គ្រាមទ្រង់ទ្រាយធំនៅមជ្ឈិមបូព៌ា ដែលផ្ទុះឡើងតាំងពីថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៦រវាងអាមេរិកចាប់ដៃអ៊ីស្រាអែល ច្បាំងជាមួយអ៊ីរ៉ង់។
តួលេខពីខាងអ៊ីរ៉ង់បញ្ជាក់ថា ជនស៊ីវិលប្រហែល ១,២០០ ទៅ ២,០០០ នាក់ហើយ បានបាត់បង់ជីវិត ក្នុងសង្គ្រាមនេះ៕
