ខេត្តបាត់ដំបង៖ ករណីដ៏សែនឈឺចាប់មួយបានកើតឡើងនៅក្នុងខេត្តបាត់ដំបង នៅពេលដែលបុរសម្នាក់ដែលជាអ្នកប្រើប្រាស់ថ្នាំញៀនបានដុតផ្ទះម្តាយរបស់ខ្លួនឯងបណ្តាលឱ្យឆេះអស់ទាំងស្រុង។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១៤:៣០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅក្នុងភូមិបល្ល័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ថា ជនដែលបង្កហេតុការណ៍នេះគឺឈ្មោះ ចាន់ ផល ហៅ ទត អាយុ ២៨ឆ្នាំ ដែលបានដុតផ្ទះម្តាយបង្កើតរបស់ខ្លួនឈ្មោះ ចាន់ ចេង អាយុ ៥៨ឆ្នាំ។ ផ្ទះដែលឆេះមានទំហំ ៤ម៉ែត្រ x ១២ម៉ែត្រ ធ្វើពីដែក ជញ្ជាំងស័ង្កសី និងប្រក់សង្ក័សី ដែលឆេះអស់ទាំងស្រុង។

លោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង បានបញ្ជាក់ថា៖ “អគ្គីភ័យនេះបានផ្តើមចេញពីរឿងលោកកូនបែកថ្នាំ ដែលខឹងសុំលុយម្តាយមិនបាន ក៏ដុតបំផ្លាញផ្ទះម្តាយចោលតែម្ដង។”
លោកបន្តថា៖ “បើតាមប្រវត្តិ ពេលជនបង្កការអុកឡុកម្តងៗ ម្តាយហាក់មិនសូវសហការជាមួយសមត្ថកិច្ចទេ។ ផ្ទុយទៅវិញ ម្តាយកាន់តែជម្រុញកូនឲ្យរត់គេចកុំឲ្យសមត្ថកិច្ចឃាត់ខ្លួន។ ឥឡូវលោកកូនដុតផ្ទះចោលល្មម សូម្បីតែទ្រព្យសម្បត្តិបន្តិចបន្តួចក៏រំដោះមិនបានដែរ។”

ក្រោយពីដុតផ្ទះម្តាយឆេះហ្មត់ ជននេះបានរត់គេចខ្លួនបាត់ភ្លាមៗ រហូតមកដល់ពេលនេះរកមុខមិនទាន់ឃើញផង។

ក្នុងហេតុការណ៍នេះ កម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងកម្លាំងតាមបណ្តាស្រុក បានចេញរថយន្តពន្លត់អគ្គីភ័យ៣គ្រឿងចុះជួយអន្តរាគមន៍ពន្លត់។ ប៉ុន្តែមិនបានប្រើប្រាស់ទឹកនោះទេ ដោយសារប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋានបានសហការគ្នាបាញ់ពន្លត់រហូតរលត់ទាំងស្រុងទៅហើយ។

