
អង្គការសហប្រជាជាតិបានប្រកាសថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើពន្ធនាគារអ៊ីរ៉ង់ជាបទឧក្រិដ្ឋកម្មសង្គ្រាម ដោយបណ្តាលឱ្យមនុស្សជាង៨០នាក់ស្លាប់ រួមទាំងកុមារ និងស្ត្រី។
ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបានឱ្យដឹងកាលពីថ្ងៃចន្ទថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើពន្ធនាគារមួយកន្លែងក្នុងប្រទេសអ៊ីរ៉ង់កាលពីឆ្នាំមុនគឺជា«ឧក្រិដ្ឋកម្មសង្គ្រាម»។

តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ការវាយប្រហារលើពន្ធនាគារ Evin នៅទីក្រុងតេហេរ៉ង់កាលពីខែមិថុនាឆ្នាំមុនបានបណ្តាលឱ្យមនុស្ស៨០នាក់ស្លាប់ រួមទាំងកុមារម្នាក់ និងស្ត្រី៨នាក់។ ពន្ធនាគារនេះជាកន្លែងឃុំឃាំងអ្នកទោសនយោបាយដែលក៏រងការខូចខាតដែរ។
លោកស្រី Sara Hossain ប្រធានបេសកកម្មស្វែងរកការពិតអន្តរជាតិឯករាជ្យលើស្ថានការណ៍នៅអ៊ីរ៉ង់បាននិយាយថា៖«យើងបានរកឃើញមូលហេតុសមហេតុផលជឿថាការវាយប្រហារតាមអាកាសលើពន្ធនាគារ Evin គឺអ៊ីស្រាអែលបានប្រព្រឹត្តបទឧក្រិដ្ឋកម្មសង្គ្រាមដោយចេតនា»។

អង្គការសហប្រជាជាតិបានព្រមានពីហានិភ័យនៃការដាក់គំនាបបន្ថែមទៀតបន្ទាប់ពីការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនាពេលបច្ចុប្បន្ន។ លោកស្រី Hossain បានថ្កោលទោសការស្លាប់ជនស៊ីវិលកាន់តែច្រើននៅក្នុងប្រទេសអ៊ីរ៉ង់។
របាយការណ៍ចុងក្រោយបំផុតផ្អែកលើការសម្ភាសន៍ជាមួយជនរងគ្រោះ សាក្សី រូបភាពផ្កាយរណប និងឯកសារផ្សេងទៀត ត្រូវបានបង្ហាញដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ។
