ក្រុមហ៊ុន Nvidia បានបង្ហាញការព្យាករណ៍ថា ចំណូលពីបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) អាចឈានដល់យ៉ាងហោចណាស់ ១ ទ្រីលានដុល្លារ នៅឆ្នាំ២០២៧ ខណៈក្រុមហ៊ុនកំពុងរៀបចំយុទ្ធសាស្ត្រថ្មីដើម្បីប្រកួតប្រជែងខ្លាំងជាងមុននៅទីផ្សារ AI។

នាយកប្រតិបត្តិ Jensen Huang បានបង្ហាញប្រព័ន្ធដំណើរការកណ្ដាលថ្មី (CPU) និងប្រព័ន្ធ AI មួយ ដែលបង្កើតឡើងដោយប្រើបច្ចេកវិទ្យាពីក្រុមហ៊ុនចាប់ផ្តើមផលិតបន្ទះឈីប Groq។ Nvidia បានទិញអាជ្ញាបណ្ណបច្ចេកវិទ្យានេះក្នុងតម្លៃប្រហែល ១៧ ពាន់លានដុល្លារ កាលពីខែធ្នូ។

ការប្រកាសនេះធ្វើឡើងនៅក្នុងសន្និសីទអ្នកអភិវឌ្ឍន៍ប្រចាំឆ្នាំ Nvidia GTC developer conference ដែលប្រារព្ធឡើងនៅទីក្រុង San Jose រដ្ឋ California។ ជំហានថ្មីនេះជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ Huang ដើម្បីពង្រឹងតំណែងរបស់ Nvidia ក្នុងវិស័យ AI inference computing។
លោក Huang បាននិយាយថា៖ “ពេលវេលានៃការកើនឡើងខ្លាំងរបស់ AI inference បានមកដល់ហើយ ហើយតម្រូវការនៅតែបន្តកើនឡើង។”

កាលពីខែតុលាឆ្នាំមុន តម្លៃទីផ្សាររបស់ Nvidia បានឡើងដល់ប្រហែល ៥ ទ្រីលានដុល្លារ ដែលធ្វើឱ្យវាក្លាយជាក្រុមហ៊ុនដំបូងដែលឈានដល់កម្រិតនេះ។ ការព្យាករណ៍ចំណូល ១ ទ្រីលានដុល្លារ ត្រូវបានកើនឡើងពីការព្យាករណ៍មុន ដែល Nvidia បាននិយាយថា មានឱកាសចំណូល ៥០០ ពាន់លានដុល្លារ ដល់ឆ្នាំ២០២៦។
បន្ទាប់ពីការប្រកាសនេះ ភាគហ៊ុន Nvidia បានកើនឡើងបន្តិច មុនពេលបិទទីផ្សារកើនឡើងប្រហែល ១.២%៕
