ភ្នំពេញ៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រកាសពីឱកាសការងារជិត ៥ពាន់កន្លែងនៅក្នុងខេត្តចំនួន៣នៅតំបន់វាលទំនាបកណ្ដាល ដែលកំពុងរង់ចាំអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។

តាមការផ្សព្វផ្សាយរបស់ក្រសួងការងារ គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ខេត្តកំពង់ចាម កំពង់ឆ្នាំង និងខេត្តកំពង់ធំមានឱកាសការងារសរុបចំនួន ៤,៧០៩កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។

ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិតបណ្ណការងាររបស់ក្រសួង ដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។

ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយរោងចក្រ សហគ្រាស និងរោងចក្រផ្ទាល់ អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។

ការងារទាំងនេះគឺជាឱកាសល្អសម្រាប់អតីតពលករដែលទើបត្រឡប់មកពីការងារនៅប្រទេសថៃ ដើម្បីអាចរកការងារធ្វើនៅក្នុងស្រុកភ្លាមៗ ដោយមិនចាំបាច់រង់ចាំយូរ។

