ភ្នំពេញ៖ កិច្ចសហប្រតិបត្តិការអប់រំ និងជំនាញវិជ្ជាជីវៈរវាងកម្ពុជា និងអូស្ត្រាលី កំពុងឈានជំហ៊ានថ្មីដ៏សំខាន់ ក្រោមការដឹកនាំរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

នៅរសៀលថ្ងៃអង្គារ ទី១៧ មីនា ២០២៦ នាទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រីបានជួបពិភាក្សាជាមួយលោកស្រី ប្រីជែត ខូលៀរ ភារធារីស្ថានទូតអូស្ត្រាលី និងលោកស្រី ធេនណាល អូហ្សេនណេស៊ី នាយិការប្រតិបត្តិ IDP Education ដើម្បីពង្រឹងសហការលើការអភិវឌ្ឍជំនាញវិជ្ជាជីវៈ (TVET) និងការបណ្តុះបណ្តាលភាសាអង់គ្លេស។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរ និងការចូលរួមរបស់ IDP Education ក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជា។ លោកក៏បានអបអរសាទរចំពោះភាពជោគជ័យនៃពិព័រណ៍អប់រំសកលឆ្នាំ២០២៦របស់ IDP ដែលបានរៀបចំនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ។
ក្នុងជំនួបនេះ ឯកឧត្តមបានលើកឡើងគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ ដោយលើកទឹកចិត្តឱ្យសាលា ACE នៃ IDP Cambodia ពិនិត្យលទ្ធភាពសហការជាមួយក្រសួង ដើម្បីបញ្ជ្រាបកម្មវិធីសិក្សាភាសាអង់គ្លេសទៅក្នុងគ្រឹះស្ថាន TVET សាធារណៈ។ តាមរយៈកិច្ចសហការនេះ សិស្សានុសិស្សអាចទទួលបានការបណ្តុះបណ្តាលភាសាអង់គ្លេសគុណភាពខ្ពស់ក្នុងតម្លៃសមរម្យ។

ឯកឧត្តមក៏បានស្នើឱ្យ IDP ជួយសម្របសម្រួលការបញ្ជូនសិក្ខាកាម និងបុគ្គលិកក្រុមហ៊ុនកម្ពុជា ទៅសិក្សាវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសរយៈពេលខ្លីនៅអូស្ត្រាលី ដើម្បីពង្រឹងសមត្ថភាពកម្លាំងពលកម្មជាតិ។ លោកបានចែករំលែកអំពីចក្ខុវិស័យក្នុងការអនុវត្ត «ប្រព័ន្ធកម្មសិក្សាការងារ» តាមគំរូ TAFE របស់អូស្ត្រាលី ដែលជាទម្រង់ «រៀនផង ធ្វើការផង»។

លោកស្រី ធេនណាល អូហ្សេនណេស៊ី បានសម្តែងការគាំទ្រពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់រដ្ឋមន្ត្រី និងសន្យាថានឹងចាត់ឱ្យក្រុមការងារបច្ចេកទេសរបស់សាលា ACE ជួបពិភាក្សាលម្អិតបន្ថែម។ លោកស្រីបានកោតសរសើរយ៉ាងខ្លាំងចំពោះការរីកចម្រើននៃវិស័យ TVET នៅកម្ពុជា ជាពិសេសនវានុវត្តន៍ឌីជីថលនៅអេស ខេមបូឌា។

ក្រៅពីវិស័យអប់រំ ឯកឧត្តម ហេង សួរ បានលើកទឹកចិត្តឱ្យលោកស្រីក្នុងនាមជាតំណាងធុរកិច្ចអូស្ត្រាលី ជួយជំរុញភាពសកម្មរបស់សភាពាណិជ្ជកម្មអូស្ត្រាលីប្រចាំកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនអូស្ត្រាលី និងសហគមន៍ខ្មែរ-អូស្ត្រាលី ឱ្យមកបណ្តាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើន។



កិច្ចសហប្រតិបត្តិការនេះនឹងជួយពង្រឹងសមត្ថភាពយុវជនខ្មែរ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិតាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងភាសាអង់គ្លេសដែលតម្រូវក្នុងទីផ្សារការងារសកល។
ដោយ៖ តារា
