ថៃបានប្រកាសចាប់ផ្តើមកិច្ចពិភាក្សាទិញប្រេងឆៅពីរុស្ស៊ី បន្ទាប់ពីសហរដ្ឋអាមេរិកបន្ធូរបន្ថយទណ្ឌកម្មលើការដឹកជញ្ជូនប្រេងរបស់មូស្គូ។

លោក Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសថៃ បានបញ្ជាក់នៅកិច្ចប្រជុំកំពូល Global Fraud Summit នៅទីក្រុងវីយែនថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់ប្រេងឆៅដល់ថៃ។ ការសម្រេចចិត្តនេះមកក្រោយពីវ៉ាស៊ីនតោនបានបន្ធូរបន្ថយការរឹតបន្តឹងលើការដឹកជញ្ជូនប្រេងរបស់រុស្ស៊ី។
ថៃកំពុងស្វែងរកប្រភពថាមពលចម្រុះ ដើម្បីកាត់បន្ថយការពឹងផ្អែកលើតំបន់មជ្ឈិមបូព៌ាដែលមានអស្ថិរភាព។ ក្រៅពីរុស្ស៊ី ប្រទេសអាស៊ីអាគ្នេយ៍នេះក៏កំពុងពិភាក្សាជាមួយប្រេស៊ីល នីហ្សេរីយ៉ា និងកាហ្សាក់ស្ថានផងដែរ។

ទោះបីជាបច្ចុប្បន្នថៃមានប្រេងបម្រុងទុកសម្រាប់ប្រើប្រាស់បានចន្លោះពី៩៥ទៅ១០០ថ្ងៃក៏ដោយ ក៏ការស្វែងរកប្រភពថ្មីនៅតែជាអាទិភាព។
ផ្នែកមួយទៀត លោក Sihasak បានអធិប្បាយអំពីករណីនាវិកថៃ៣នាក់ដែលបាត់ខ្លួនបន្ទាប់ពីដ្រូនវាយប្រហារលើនាវាដឹកទំនិញ «Mayuree Naree» នៅជិតច្រកសមុទ្រ Hormuz។ អ៊ីរ៉ង់បានសម្តែងការសោកស្តាយ និងផ្តល់ជំនួយក្នុងការស្វែងរក ប៉ុន្តែប្រតិបត្តិការសង្គ្រោះនៅតែមានភាពស្រពិចស្រពិល។
បច្ចុប្បន្ន ថៃកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអូម៉ង់ និងបានបញ្ជាឲ្យកងទ័ពជើងទឹករបស់ខ្លួនទាក់ទងដោយផ្ទាល់ជាមួយអាជ្ញាធរអ៊ីរ៉ង់ ដើម្បីតាមដានរឿងនេះ។ នាវិក២០នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ និងត្រឡប់មកដល់ផ្ទះវិញកាលពីចុងសប្តាហ៍មុន។
