ភ្លើងសង្គ្រាមនៅតែឆាបឆេះនៅតំបន់ច្រកសមុទ្រ Hormuz ប៉ុន្តែសម្ព័ន្ធមិត្តរបស់អាមេរិកហាក់ដូចជាមិនព្រមជួយបើកច្រកសមុទ្រសំខាន់នេះទេ។ ប្រធានាធិបតីដូណាល់ ត្រាំ បានបង្ហាញកំហឹងយ៉ាងខ្លាំងក្នុងការថ្លែងដោយពន្លះសម្ព័ន្ធមិត្តថា ពួកគេគ្មានភក្តីភាពចំពោះអាមេរិកទេ។

«យើងបានជួយពួកគេអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ យើងបានការពារពួកគេពីសត្រូវខាងក្រៅ ប៉ុន្តែពេលយើងត្រូវការជំនួយ ពួកគេបែរជាបែរខ្នងឱ្យយើង» នេះជាប្រការដែលលោកត្រាំបានថ្លែងនៅសេតវិមានកាលពីថ្ងៃចន្ទទី១៦ មីនា។
ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចសំខាន់ ដោយជាផ្លូវដឹកជញ្ជូនប្រេងប្រមាណ២០% នៃការប្រើប្រាស់ទូទាំងពិភពលោក បច្ចុប្បន្នកំពុងជាប់គាំងដោយសារសង្គ្រាម។ លោកត្រាំបានទាក់ទងទៅកាន់ប្រទេសសំខាន់ៗដូចជា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង និងអង់គ្លេស ដើម្បីសុំជំនួយ ប៉ុន្តែការឆ្លើយតបមិនទាន់គ្រប់គ្រាន់។
ជាងនេះទៅទៀត លោកបានគំរាមកំហែងថា អង្គការណាតូអាចប្រឈមមុខនឹងអនាគតដ៏អាក្រក់បំផុត ប្រសិនបើសម្ព័ន្ធមិត្តរបស់អាមេរិកមិនព្រមជួយបើកច្រក Hormuz ដែលកំពុងបង្កការខ្វះខាតប្រេងយ៉ាងធ្ងន់ធ្ងរទូទាំងពិភពលោក។
ខណៈពេលដែលអាមេរិកព្យាយាមដោះស្រាយបញ្ហានេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបដិសេធថា មិនបានចរចាជាមួយអាមេរិកទេ បន្ទាប់ពីសង្គ្រាមផ្ទុះឡើងនៅតំបន់នេះ។
