រាជធានីភ្នំពេញ៖ ក្នុងរយៈពេលត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ អាជ្ញាធរកម្ពុជាបានបណ្តេញជនបរទេសចំនួន ១,៤២០ នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញចេញពីប្រទេស។

យោងតាមការចេញផ្សាយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៦ មីនា ឆ្នាំ២០២៦ បានឲ្យដឹងថា ជនបរទេស១,៤២០ នាក់ ដែលខុសច្បាប់ត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា។
ប្រភពបានលើកឡើងថា នៅថ្ងៃទី១១ ដល់១៥ ខែមីនា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ១,៤២០ នាក់ (ស្រី ១៦៩ នាក់) មាន២៣សញ្ជាតិ។

ក្នុងចំណោមជនបរទេសដែលត្រូវបានបណ្តេញ មានជនជាតិចិនចំនួន៣៣៥ នាក់ (ស្រី៤នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។ ការបណ្តេញចេញត្រូវបានធ្វើឡើងតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។
ជនបរទេសទាំងនេះពាក់ព័ន្ធនឹងករណីផ្សេងៗដូចជា៖ លួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ (QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអនឡាញ និងធ្វើការងារខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រភពបានអះអាងថា ការបណ្តេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។

ការទប់ស្កាត់នេះមានគោលបំណងធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងចំពោះមេខ្លោងដែលនៅពីក្រោយ។ ក្រោយពីត្រូវបានបណ្តេញ ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។

អត្ថបទសរសេរដោយ អ៊ាង ប៊ុនរិទ្ធ
កែសម្រួលដោយ ស្រីណា
