កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃបញ្ជាករាដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងដកហូតវត្ថុតាងមួយចំនួន។

ប្រតិបត្តិការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១៣និង៥០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅចំណុចចំការស្វាយ ស្ថិតនៅភូមិរន្ទះ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ។
តាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្ត ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ធា ឈីត អាយុ២៤ឆ្នាំ ប៊ុន នី អាយុ២៨ឆ្នាំ និង ង៉ែត ចំណាប់ អាយុ២៧ឆ្នាំ។ ជនទាំងបីជាជនជាតិខ្មែរ រស់នៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ។

ក្នុងប្រតិបត្តិការឃាត់ខ្លួន កម្លាំងជំនាញបានដកហូត ម្សៅក្រាមពណ៌សថ្លា ចំនួន ២កញ្ចប់ ទម្ងន់ ៦.៦២ក្រាម (ថ្លឹងទាំងសំបកថង់) ម៉ូតូចំនួន ១គ្រឿង ទូរស័ព្ទ ចំនួន ៣គ្រឿង សម្ភារៈវេចខ្ចប់ និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។

ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី។
