
ប្រទេសថៃកំពុងប្រឈមនឹងបញ្ហាឆបោកថ្មីមួយ ដែលក្រុម Scammer កំពុងប្រើប្រាស់តម្លៃសាំងដែលកំពុងឡើងថ្លៃ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ។ តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃទី១៦ មីនា ២០២៦ ក្រុមឆបោកបានបង្កើត Link និងសារក្លែងក្លាយតាមបណ្តាញសង្គម។
ពួកគេប្រើឈ្មោះក្រុមហ៊ុនប្រេងធំៗ សន្យាផ្តល់កាតចាក់សាំងឥតគិតថ្លៃ ឬបញ្ចុះតម្លៃ ដើម្បីទាក់ទាញជនរងគ្រោះ។ នៅពេលចុចលើ Link ទាំងនោះ កម្មវិធីមេរោគ (Malware) នឹងត្រូវដំឡើង ដែលអាចអោយពួកគេគ្រប់គ្រងទូរស័ព្ទ និងលួចលុយពីកាបូបអេឡិចត្រូនិក ឬគណនីធនាគារ។
លោក Siriwat Deepor អ្នកនាំពាក្យរងនៃប៉ូលិសថៃ បានបញ្ជាក់ថា មានមនុស្សជាច្រើនបានក្លាយជាជនរងគ្រោះ ហើយបាត់បង់លុយច្រើនសន្ធឹកសន្ធាប់។ តម្លៃសាំងនៅថៃបច្ចុប្បន្នស្ថិតនៅចន្លោះ ៤០-៤៩ បាតក្នុងមួយលីត្រ ខណៈម៉ាស៊ូតចន្លោះ ៣៣-៤៥ បាត។

តម្លៃប្រេងសាំងត្រូវគេរំពឹងថានឹងកើនឡើងទៀត ដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានៅមិនទាន់ធូរស្រាល។ អាជ្ញាធរថៃបានដាស់តឿនព្រមានប្រជាពលរដ្ឋអោយប្រុងប្រយ័ត្ន និងមិនចុចលើ Link សង្ស័យណាមួយដែលសន្យាផ្តល់អត្ថប្រយោជន៍ពីកាតសាំងឥតគិតថ្លៃ។
