ខេត្តកណ្តាល – កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ដែលមានអាកប្បកិរិយាភ័យតក់ស្លុត បណ្តាលឲ្យរកឃើញគ្រឿងញៀនប្រភេទមេតាំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ៥កញ្ចប់ ទម្ងន់សរុប ៧២,៣២ក្រាម។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១:១០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅក្នុងភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ សមត្ថកិច្ចជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកស្អាងបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ វុធ រ៉ាវីត អាយុ២១ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដ។

វត្ថុតាងដែលត្រូវបានចាប់យកមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន៥កញ្ចប់មធ្យម ទម្ងន់សរុប ៧២,៣២ក្រាម និងទូរសព្ទចំនួន០៣គ្រឿង។
នៅពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលស្អាងភ្នំ សហការជាមួយកម្លាំងប្រជាការពារ បានធ្វើការល្បាតក្នុងមូលដ្ឋាន។ នៅពេលប្រទះឃើញជនសង្ស័យមានអាកប្បកិរិយាភ័យខ្លាចចម្លែក កម្លាំងសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ ហើយរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន។

ជនសង្ស័យបានសារភាពថា គ្រឿងញៀនទាំងនេះជាកម្មសិទ្ធិរបស់ខ្លួនពិតមែន ដែលទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅភ្នំពេញតាមរយៈតេឡេក្រាម ក្នុងតម្លៃ ៥០០ដុល្លា ហើយខ្លួនបានរំលែកលក់បន្តក្នុងតម្លៃពី ១០០,០០០រៀល ទៅ ៤០០,០០០រៀល។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងបន្តអនុវត្តចាត់ការតាមនីតិវិធី។
