ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅមុខសណ្ឋាគារចុងសុីញ នៅពេលស្រ្តីជនជាតិចិនម្នាក់ដែលទើបតែមកដល់ពីក្រុងប៉ោយប៉ែត បានស្លាប់ភ្លាមៗក្រោយចុះពីរថយន្តតាក់សុី។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៦:៥០នាទីយប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅមុខសណ្ឋាគារចុងសុីញ ដែលស្ថិតនៅលើផ្លូវ២២៥ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ស្រ្តីរងគ្រោះជាជនជាតិចិនម្នាក់បានជិះរថយន្តតាក់សុីពីក្រុងប៉ោយប៉ែតមកភ្នំពេញដើម្បីស្នាក់នៅសណ្ឋាគារចុងសុីញ។ នៅពេលមកដល់ នាងបានបើកទ្វារចុះពីរថយន្ត ស្រាប់តែមានអាការៈមិនស្រួលខ្លួន ទន់ដៃទន់ជើង ហើយបានទៅអង្គុយលើកៅអីមួយនៅជិតកន្លែង។

បន្ទាប់មក នាងបានគាំងបេះដូង និងស្លាប់នៅលើកៅអីនោះភ្លាមៗ។ រថយន្តតាក់សុីដែលដឹកនាងមកបានបើកចេញពីកន្លែងកើតហេតុបាត់តែម្ដង។
ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដែលបានចុះមកដល់ហើយយកខ្សែហ៊ុមព័ទ្ធទីតាំងសព។

ក្រោយការកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យនិងធ្វើកោសល្យវិច្ច័យលើសព។

ក្រោយការពិនិត្យ កម្លាំងជំនាញបានបញ្ជាក់ថា សពស្លាប់ដោយសារខ្យល់គ (គាំងបេះដូង)។ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងដឹកសពទៅតម្កល់ទុកនៅវត្តទឹកថ្លាជាបណ្ដោះសន្ន ដើម្បីទាក់ទងរកសាច់ញាតិតាមក្រោយ។
ដោយ៖ ភារ៉ា ដង្កោ
