ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញបានចាត់វិធានការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលពាក់ព័ន្ធនឹងបទលួចម៉ូតូ និងការកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។

ការប្រតិបត្តិការនេះបានធ្វើឡើងក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងខណ្ឌឫស្សីកែវបានសហការគ្នាធ្វើការស៊ើបអង្កេត និងឃាត់ខ្លួនជនសង្ស័យទាំងពីរ។
ឧប្បត្តិហេតុបានកើតឡើងនៅមុខផ្ទះលេខ២០៥ ផ្លូវលេខ១៣២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។
ជនសង្ស័យទាំងពីររួមមាន៖
១. ចាន់ ណារ៉ុង អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខ២០ BE០ ផ្លូវលេខ១៥៤ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ
២. រឿន ឆៃ អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ២៧០ ផ្លូវលំ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ
បច្ចុប្បន្ន ជនសង្ស័យទាំងពីរកំពុងត្រូវឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។
