ភ្នំពេញ៖ អាជ្ញាធរខណ្ឌកំបូលបានចុះបង្ក្រាបទីតាំងល្បែងស៉ីសងខុសច្បាប់មួយកន្លែង និងឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ក្នុងគំរោងបង្ក្រាបបទល្មើសពាក់ព័ន្ធល្បែងស៉ីសង។

ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅផ្ទះលេខ១៦២ ផ្លូវលេខ១៧ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្រុមប្រតិបត្តិការបានរកឃើញឧបករណ៍កត់ឆ្នោត និងចែកចាយឆ្នោតខុសច្បាប់ជាច្រើននៅទីតាំងនេះ។

តាមអាជ្ញាធរបានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់លោក លឹម ចាន់ដាវុធ អភិបាលរងខណ្ឌកំបូល ដោយមានការសម្របសម្រួលពីអាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀត។ ជនសង្ស័យទាំង៥នាក់ (ប្រុស១នាក់ ស្រី៤នាក់) ត្រូវបានឃាត់ខ្លួនជាមួយនឹងវត្ថុតាងពាក់ព័ន្ធជាច្រើន។

បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យទាំងអស់ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីកសាងសំណុំរឿង និងបន្តអនុវត្តន៍តាមនីតិវិធីច្បាប់។ អាជ្ញាធរបន្តពង្រឹងសកម្មភាពបង្ក្រាបបទល្មើសល្បែងស៉ីសងខុសច្បាប់នៅទូទាំងរាជធានី។

ការប្រតិបត្តិការនេះធ្វើឡើងតាមគោលការណ៍ដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

អាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាចូលរួមក្នុងការបង្ក្រាបបទល្មើសល្បែងស៉ីសងខុសច្បាប់ ដោយរាយការណ៍ព័ត៌មានទៅអាជ្ញាធរពាក់ព័ន្ធនៅពេលឃើញមានសកម្មភាពសង្ស័យ។

ដោយ៖ សុខាសែនជ័យ


