រូបសំណាកបាតដៃថ្មីនិងវិថីអាហារខ្មែរនឹងបើកជូនទេសចរមុនពេលបុណ្យចូលឆ្នាំខ្មែរ

រូបសំណាកបាតដៃថ្មីនិងវិថីអាហារខ្មែរនឹងបើកជូនទេសចរមុនពេលបុណ្យចូលឆ្នាំខ្មែរ

រាជធានីភ្នំពេញ៖ ខេត្តកំពតកំពុងរៀបចំសាងសង់រូបសំណាកបាតដៃថ្មី និងវិថីអាហារតាមរចនាបថខ្មែរ ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ។

រូបសំណាកបាតដៃកំពុងសាងសង់

ក្រោយពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ក៏ដូចជាសមិទ្ធផលទេសចរណ៍ឯកប្លែកថ្មីៗ បានធ្វើឱ្យកំណើនទេសចរណ៍មានការកើនឡើងជាបន្តបន្ទាប់ ហើយបានញ៉ាំងឱ្យជីវភាពរស់នៅ និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ។

វិថីអាហារកំពុងសាងសង់

នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់រូបសំណាកបាតដៃ និងវិថីអាហារ ដែលកំពុងសាងសង់ក្នុងក្រុងកំពត ដើម្បីជំរុញការសាងសង់ឱ្យបានឆាប់រហ័ស ដោយធ្វើយ៉ាងណាឱ្យបានរួចរាល់មុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់។

តាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្ត រូបសំណាកបាតដៃដែលកំពុងសាងសង់នេះ គឺមានសណ្ឋានជាបាតដៃទ្រ ដែលអាចឱ្យភ្ញៀវទេសចរឡើងទៅទស្សនាថ្ងៃលិច ជួរភ្នំបូកគោ ដងព្រែកកំពង់បាយ ពិសេសថតរូបអនុស្សាវរីយ៍បានយ៉ាងស្រស់ស្អាត។

ទិដ្ឋភាពសាងសង់

រូបសំណាកបាតដៃនេះ ត្រូវបានសាងសង់ឡើងក្នុងបរិវេណឆ្នេរខ្សាច់ព្រែកកំពង់បាយមុខមន្ទីរពេទ្យបង្អែកខេត្ត ចន្លោះពីស្ពានចាស់ (ស្ពានឥន្ទធនូ) និងស្ពានថ្មថ្មី (ស្ពានកំពង់បាយ) ដែលមានកម្ពស់១២ម៉ែត្រ មានជណ្តើរឡើងចុះសងខាងរួមនឹងបង្កាន់ដៃផងដែរ ដែលមកទល់ពេលនេះ ការសាងសង់សម្រេចបានប្រមាណ៦០ភាគរយហើយ។

រចនាបថខ្មែរនៅវិថីអាហារ

ចំណែកឯវិថីអាហារដែលកំពុងសាងសង់នៅកណ្តាលក្រុងកំពត លើសួនច្បារផ្សារក្រណាត់ ក៏សម្រេចការសាងសង់បានប្រមាណ៩០ភាគរយហើយ ដែលផ្សារនេះត្រូវបានសាងសង់តាមរចនាបថខ្មែរសុទ្ធសាធ ជាមួយនឹងការបំពាក់នូវប្រព័ន្ធលូដោះទឹក ប្រព័ន្ធភ្លើង ដើម្បីផ្តល់ភាពងាយស្រួលដល់អាជីវករលក់ដូរក្នុងវិថីអាហានេះ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ដែរថា សម្រាប់អាជីវករដែលចូលលក់ដូរក្នុងវិថីអាហារនេះ គឺតម្រូវឱ្យស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីបង្ហាញវប្បធម៌ អរិយធម៌ជាតិដល់ភ្ញៀវទេសចរបរទេសដែលមកលេងកម្សាន្តក្នុងខេត្ត ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តកាន់តែច្រើន។

តាមការរំពឹងទុក សមិទ្ធផលទេសចរណ៍ថ្មីនេះ រួមនិងវិថីអាហារ និងសាងសង់រួចរាល់នៅមុនពេលបុណ្យចូលឆ្នាំខ្មែរចូលមកដល់ ហើយសមិទ្ធផលទាំងពីរនេះនឹងកាន់តែធ្វើឱ្យក្រុងកំពត ក៏ដូចជាខេត្តកំពតមានភាពទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យមកលេងកម្សាន្តកាន់តែច្រើនបន្ថែមទៀតក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខ។

administrator

Related Articles