ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដឹកនាំពិធីក្រុងពាលីសុំម្ចាស់ទឹក ម្ចាស់ដី ដើម្បីបួងសួងសុំពរជ័យ សិរីសួស្តី និងសុខសប្បាយ សម្រាប់ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ដែលនឹងប្រារព្ធធ្វើឡើងនៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៧ ដល់២៩ ខែមីនា ឆ្នាំ២០២៦។

ពិធីក្រុងពាលីនេះត្រូវបានរៀបចំឡើងតាមប្រពៃណីខ្មែរ នៅលើវាលខ្សាច់មាត់ទន្លេ កោះទ្រង់ ក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។ ការបូជាទៀនធូបផ្កាភ្ញី និងបណ្តែតប្រទីបត្រូវបានធ្វើឡើងដើម្បីថ្វាយដល់ព្រះម៉ែគង្គា ដោយមានការចូលរួមពីលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ព្រមទាំងមន្ត្រីរាជការជាច្រើនរូបទៀត។

សម្តេច ម៉ែន សំអន បានបញ្ជាក់ថា ពិធីនេះរៀបចំឡើងដើម្បីដឹងគុណចំពោះព្រះម៉ែគង្គា ដែលបានផ្តល់ប្រភពទឹកដល់មនុស្ស សត្វ និងរុក្ខជាតិនានា។ ពិធីនេះក៏ជាការសូមស្មារលា ឬសុំខមាទោសពីព្រះគង្គា ព្រះពាយ ព្រះធរណី និងព្រះពៃស្រពណ៍ ចំពោះអំពើបាបទាំងឡាយដែលមនុស្សបានប្រព្រឹត្ត។

ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សក្តានុពលទេសចរណ៍តាមដងទន្លេ អភិរក្សធនធានធម្មជាតិ និងវប្បធម៌ប្រពៃណីជាតិ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋាន។

សម្តេចបានបញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍នេះរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនមកចូលរួមកម្សាន្ត និងស្វែងយល់អំពីសម្រស់ធម្មជាតិ វប្បធម៌ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមដងទន្លេមេគង្គ។ ព្រឹត្តិការណ៍នេះនឹងជួយដល់សេដ្ឋកិច្ចខេត្តក្រចេះ និងបង្កើនចំណូលដល់ពលរដ្ឋឱ្យកើនឡើង។

បុណ្យទន្លេមិនត្រឹមតែជាព្រឹត្តិការណ៍ទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖ បង្ហាញពីសាមគ្គីភាពរឹងមាំ ជំរុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច លើកកម្ពស់ការអភិវឌ្ឍបៃតង លើកកម្ពស់ការអប់រំ និងការយល់ដឹង ព្រមទាំងលើកកម្ពស់វិស័យទេសចរណ៍។

ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នេះគឺជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។
ដោយ៖ សំរិត
