វ៉ាស៊ីនតោន – មន្ត្រីកំពូលរបស់អាមេរិកក្នុងវិស័យសុវត្ថិភាពជាតិបានសម្រេចចិត្តលាលែងពីតំណែង ដោយសារតែជំទាស់នឹងគោលនយោបាយសង្គ្រាមរបស់ប្រធានាធិបតីដូណាល់ ត្រាំ ប្រឆាំងនឹងអ៊ីរ៉ង់។

លោក Joe Kent អតីតនាយកមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិ (NCTC) បានប្រកាសលាលែងពីតំណែងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ដោយចោទប្រកាន់ថា អាមេរិកកំពុងត្រូវបានអ៊ីស្រាអែលទាញចូលទៅក្នុងសង្គ្រាមដែលមិនចាំបាច់។
ក្នុងលិខិតលាលែងដែលបានបង្ហោះលើបណ្តាញសង្គម X លោក Kent សរសេរយ៉ាងច្បាស់៖ «ខ្ញុំមិនអាចគាំទ្រសង្គ្រាមដែលកំពុងបន្តនៅអ៊ីរ៉ង់បានឡើយ។ អ៊ីរ៉ង់មិនបង្កការគំរាមកំហែងចំពោះមុខដល់ប្រជាជាតិយើងទេ»។
លោកបន្តថា លោកត្រាំបានក្លាយជាជនរងគ្រោះនៃយុទ្ធនាការផ្តល់ព័ត៌មានមិនពិតដែលរៀបចំឡើងដោយអ៊ីស្រាអែល ដូចគ្នានឹងករណីសង្គ្រាមអ៊ីរ៉ាក់កាលពីឆ្នាំ២០០៣ដែរ។
លោក Kent ដែលត្រូវបានលោកត្រាំតែងតាំងនៅខែកក្កដាឆ្នាំ២០២៥ គឺជាអតីតទាហានមួកបៃតងដែលធ្លាប់ចូលរួមការប្រយុទ្ធពិតប្រាកដដល់១១ដង និងធ្លាប់បម្រើការនៅទីភ្នាក់ងារសម្ងាត់ CIA។
អ្នកវិភាគយល់ឃើញថា ការលាលែងរបស់លោក Kent អាចជាសញ្ញាដំបូងនៃការបែកបាក់ក្នុងជួររដ្ឋាភិបាលអាមេរិក ដោយសារតែជំទាស់ចំពោះគោលនយោបាយការបរទេសរបស់លោកត្រាំ។
ពេលនេះ ការយល់ឃើញគឺថា អាចនឹងមានមន្ត្រីជាបន្តបន្ទាប់ទៀតក្នុងជួររដ្ឋាភិបាលអាមេរិក ដែលអាចលាលែងតំណែង ដើម្បីបង្ហាញការជំទាស់ទៅនឹងលោកត្រាំ ដែលធ្វើសង្គ្រាមប្រឆាំងអ៊ីរ៉ង់តាមការចង់បានរបស់អ៊ីស្រាអែល។
