
រាជធានីភ្នំពេញ៖ ឧប្បត្តិហេតុអគ្គិភ័យដ៏ធ្ងន់ធ្ងរបានកើតឡើងនៅយប់មិញ នៅក្នុងបុរីលនស៉ីធី សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដែលបណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងប្រពន្ធរបស់គាត់រងរបួសធ្ងន់។

ឧប្បត្តិហេតុនេះបានកើតឡើងនៅវេលាម៉ោងជិត៩យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅតាមផ្លូវលេខ៩ក្នុងបុរីលនស៉ីធី។ ផ្ទះវីឡាកូនកាត់កម្ពស់៣ជាន់នេះជាកម្មសិទ្ធិរបស់យីហោ«ប្រូហ្វីត លីងឃើរ (ខេមបូឌា)» ដែលលក់ដ្រូនកសិកម្ម។

បុរសដែលស្លាប់មានឈ្មោះជា មួយសុង អាយុ៦៤ឆ្នាំ និងប្រពន្ធរបស់គាត់ឈ្មោះលី ចិន្ដា អាយុ៦៣ឆ្នាំ។ តាមការអះអាងពីប្រជាពលរដ្ឋ មុនពេលកើតហេតុ គូស្វាមីភរិយាទាំងពីរកំពុងសម្រាកនៅក្នុងផ្ទះជាន់ទី២ ហើយស្រាប់តែឮស្នូរផ្ទុះដែលហាក់ដូចជាការឆ្លងចរន្តអគ្គិសនី។

ភ្លាមៗនោះ ភ្លើងបានឆាបឆេះសន្ធោសន្ធៅ ហើយជនរងគ្រោះទាំងពីរបានជាប់នៅក្នុងផ្ទះចេញមិនរួច។ អ្នកជិតខាងនិងសមត្ថកិច្ចបានជួយពន្លត់ភ្លើង និងជួយយកស្ត្រីជាប្រពន្ធចេញបាន ដោយគាត់បានរលាក១ចំហៀងខ្លួន។ ចំណែកបុរសជាប្ដីមិនអាចជួយបាន ក៏ស្លាប់នៅក្នុងផ្ទះ។

ក្រុមអ្នកពន្លត់អគ្គិភ័យបានប្រើពេលជាង១ម៉ោងក្នុងការពន្លត់ភ្លើង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៧គ្រឿង។ ភ្លើងបានរលត់ទាំងស្រុងនៅវេលាម៉ោង១០យប់។

នគរបាលបានប្រាប់ថា ឧប្បត្តិហេតុអគ្គិភ័យនេះនៅមិនទាន់ដឹងថាកើតឡើងដោយសារមូលហេតុអ្វីនៅឡើយទេ ហើយកំពុងស្ថិតនៅក្នុងការស្រាវជ្រាវ។

ក្រុមគ្រួសារកូនចៅជនរងគ្រោះបាននាំគ្នាស្រែកទ្រហោយំសម្លឹងមើលទៅលើជាន់ទី២នោះទាំងការតក់ស្លុត និងខ្លោចផ្សាក្នុងចិត្ត ព្រោះតែពួកគាត់មិនអាចជួយឪពុកម្ដាយឲ្យពួកគាត់មានសុវត្ថិភាពបាន។

ស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ទាំងយប់ ដោយរងរបួសរលាកភ្លើងមួយចំហៀងខ្លួន។

ផ្ទះវីឡាកូនកាត់នេះមានទំហំ (៨ម៉ែត្រ x ១៣ម៉ែត្រ) ហើយត្រូវភ្លើងឆេះខូចខាតរង ចំណែកទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗត្រូវភ្លើងឆេះអស់ទាំងស្រុង។

