ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏សែនឈឺចាប់បានយកជីវិតនារីម្នាក់ ក្រោយពេលម៉ូតូដែលនាងជិះបានបុកពីក្រោយរថយន្តដឹកទឹកកកដែលកំពុងឈប់ដាក់ទឹកកក។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង ៥:៥០នាទីព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឱ្យដឹងថា នារីរងគ្រោះបានជិះម៉ូតូម៉ាក HONDA SCOOPY ផ្លាកលេខ ភ្នំពេញ 1LK-7128 ហើយបានជិះទៅបុកពីក្រោយរថយន្តដឹកទឹកកកផ្លាកលេខ ភ្នំពេញ 2AG-4992 ដែលកំពុងឈប់ដាក់ទឹកកកឱ្យដេប៉ូមួយកន្លែង។ ការបុកនេះបានបណ្តាលឱ្យម៉ូតូរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានចុះមកដល់ ហើយបានធ្វើការវាស់វែងរថយន្តនិងម៉ូតូ ព្រមទាំងយកទៅរក្សាទុកសម្រាប់ការស៊ើបអង្កេតបន្ថែម។ ចំណែកឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

ហេតុការណ៍នេះបានធ្វើឱ្យអ្នកដំណើរដែលឆ្លងកាត់កន្លែងនោះមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំង និងជាការរំលឹកដាស់តឿនពីសុវត្ថិភាពចរាចរណ៍នៅតាមផ្លូវធំៗ។

ដោយ៖ ស រស្មី
