ខេត្តកំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងនៅពេលយប់យូរ នៅលើផ្លូវល្បឿនលឿន ដោយមានរថយន្តចំនួន៣គ្រឿងបុកបន្តកន្ទុយគ្នា បណ្តាលឱ្យបុរសជនជាតិខ្មែរចំនួន៣នាក់ស្លាប់នៅកន្លែងកើតហេតុ និងជនជាតិចិន៣នាក់ទៀតរងរបួសធ្ងន់ស្រាល។

ហេតុការណ៍ដ៏សោកសៅនេះបានកើតឡើងកាលពីវេលាម៉ោង០១និង០២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅលើផ្លូវល្បឿនលឿន ត្រង់ចំណុចគីឡូលេខ(៥៧+៨០០) ស្ថិតនៅក្នុងភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា រថយន្តទាំង៣គ្រឿងរួមមាន៖ រថយន្តម៉ាក TOYOTA TUNDRA ពណ៌ស លេខផ្លាកភ្នំពេញ 2AK-6866 ដែលមានអ្នកជិះ៣នាក់ស្លាប់ទាំងអស់ រថយន្តម៉ាក HYUNDAI 5T ពណ៌ស លេខផ្លាកកំពត 3A-2735 ដែលអ្នកបើកបររត់គេចខ្លួន និងរថយន្តម៉ាក GAC M8 ពណ៌ខ្មៅ លេខផ្លាកភ្នំពេញ 2CE-9382 ដែលមានជនជាតិចិន៣នាក់រងរបួស។

យោងតាមការបញ្ជាក់ពីនគរបាល កាលពីមុនពេលកើតហេតុ រថយន្ត TUNDRA បានបុកពីក្រោយរថយន្ត HYUNDAI 5T ដែលកំពុងបើកបរស្របទិសគ្នា បន្ទាប់មករថយន្ត GAC M8 បានទៅបុករថយន្ត TUNDRA ដែលបានជួបគ្រោះថ្នាក់នោះយ៉ាងពេញទំហឹង។
ជនរងគ្រោះដែលស្លាប់ទាំង៣នាក់រួមមាន លោក ម៉ុក គីមហាប់ (៣៣ឆ្នាំ) លោក អុល ចាន់រ៉ុម (៤៥ឆ្នាំ) និងលោក ផាន ភក្ត្រា (២៤ឆ្នាំ)។ ចំណែកឯជនជាតិចិនដែលរងរបួសមាន លោក JIANG TIANQIAO (៣៤ឆ្នាំ) លោក JIANG XIN (៣៥ឆ្នាំ) និងលោក HIANG WEI (៥៨ឆ្នាំ)។

បច្ចុប្បន្ន សពជនរងគ្រោះទាំង៣នាក់ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តទាំង៣គ្រឿងដែលរងការខូចខាតកម្រិតធ្ងន់ត្រូវបាននគរបាលជំនាញស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់។

គ្រោះថ្នាក់នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងសហគមន៍ និងជាការរំលឹកដាស់តឿនពីគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់ ជាពិសេសនៅលើផ្លូវល្បឿនលឿន។
