កម្ពុជារិះគន់ថៃយ៉ាងខ្លាំង បន្ទាប់ពីកងកម្លាំងថៃឈ្លានពានទឹកដីជាបន្តបន្ទាប់

កម្ពុជារិះគន់ថៃយ៉ាងខ្លាំង បន្ទាប់ពីកងកម្លាំងថៃឈ្លានពានទឹកដីជាបន្តបន្ទាប់

ភ្នំពេញ – ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍យ៉ាងខ្លាំងក្លាកាលពីថ្ងៃមុន ដោយរិះគន់សកម្មភាពឈ្លានពានដោយខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបន្តធ្វើសកម្មភាពកាន់កាប់ទឹកដីកម្ពុជាជាបន្តបន្ទាប់។

សកម្មភាពកងកម្លាំងថៃនៅតំបន់ព្រំដែន

សេចក្តីថ្លែងការណ៍ដ៏ខ្លាំងក្លានេះមកបន្ទាប់ពីការបញ្ឈប់ការបាញ់គ្នានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប៉ុន្តែកងកម្លាំងថៃនៅតែបន្តសកម្មភាពឈ្លានពាននៅតំបន់ផ្សេងៗ។

ក្រសួងការបរទេសបានរៀបរាប់ពីសកម្មភាពឈ្លានពានជាច្រើនកន្លែង រួមមាន៖

១. នៅតំបន់ភាគអាគ្នេយ៍ប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ – កងកម្លាំងថៃប្រើគ្រឿងចក្រធុនធ្ងន់ជីកកកាយដី និងសាងសង់លេណដ្ឋានបេតុងថ្មី

២. នៅតំបន់មុំបី ខេត្តព្រះវិហារ – ធ្វើសកម្មភាពឈូសឆាយដី សាងសង់ផ្លូវ និងរចនាសម្ព័ន្ធអចិន្ត្រៃយ៍ រួមទាំងរូបសំណាកព្រះពុទ្ធ

ការសាងសង់រចនាសម្ព័ន្ធរបស់ថៃនៅតំបន់ព្រំដែន

៣. នៅភូមិថ្មជូន ស្រុកបន្ទាយអំពិល – ធ្វើសកម្មភាពឈូសឆាយដី សាងសង់ផ្លូវ និងរចនាសម្ព័ន្ធអចិន្ត្រៃយ៍នៅភាគខាងលិចតំបន់ដំណាក់ស្តេច

៤. នៅតំបន់អានសេះ ខេត្តព្រះវិហារ – ធ្វើសកម្មភាពឈូសឆាយដី សាងសង់ផ្លូវ និងលើកទង់ជាតិថៃ

៥. នៅតំបន់តាថាវ ខេត្តព្រះវិហារ – សាងសង់ផ្លូវនិងសំណង់បេតុងអចិន្ត្រៃយ៍នៅក្នុងដែនអធិបតេយ្យកម្ពុជា

សកម្មភាពឈ្លានពានរបស់កងកម្លាំងថៃ

ក្រសួងការបរទេសបានចង្អុលបង្ហាញថា តំបន់ទាំងនេះស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាទាំងស្រុង ដូចដែលបានកំណត់ដោយផែនទីមាត្រដ្ឋាន ១:២០០.០០០ របស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម។

សកម្មភាពទាំងនេះត្រូវបានចាត់ទុកថាជាការរំលោភលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ និងចំណុចទី១ នៃសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC)។

ទីតាំងព្រំដែនកម្ពុជា-ថៃ

កម្ពុជាបានអំពាវនាវឱ្យថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពឈ្លានពានទាំងអស់ ជៀសវាងសកម្មភាពឯកតោភាគីបន្ថែមទៀត និងធានាការអនុវត្តកិច្ចព្រមព្រៀងទាំងអស់ឱ្យបានពេញលេញ។

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងប្រកាន់ជំហរជាគោលការណ៍ថា “ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ”។

ដោយ ៖ សិលា

administrator

Related Articles