អ៊ីរ៉ង់បានបញ្ជាក់ជាផ្លូវការអំពីមរណភាពរបស់លោក Ali Larijani ប្រធានសន្តិសុខកំពូលរបស់ប្រទេស ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។

ក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ លេខាធិការដ្ឋានអ៊ីរ៉ង់បានលើកតម្កើងលោក Larijani ថាជា “អ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះ” ដែលបានលះបង់ជីវិតទាំងមូលដើម្បីបដិវត្តន៍ឥស្លាម។
យោងតាមទីភ្នាក់ងារព័ត៌មាន Tasnim លោក Larijani ត្រូវបានសម្លាប់ជាមួយកូនប្រុសឈ្មោះ Morteza និងក្រុមអង្គរក្សការពារជាច្រើនរូបទៀត។ អ៊ីស្រាអែលបានប្រកាសការវាយប្រហារនេះនាថ្ងៃទី១៧ មីនា។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បានបញ្ជាក់ថា លោក Larijani និងប្រធានកងកម្លាំង Basij លោក Gholamreza Soleimani ត្រូវបាន “កម្ចាត់” ហើយបានទៅរួមជោគវាសនាជាមួយអតីតមេដឹកនាំកំពូល Ayatollah Ali Khamenei។
ចាប់តាំងពីសង្គ្រាមផ្ទុះមក មនុស្សជាង ១,៣០០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនិងអាមេរិកក្នុងអ៊ីរ៉ង់ ខណៈការវាយប្រហារសងសឹករបស់អ៊ីរ៉ង់បានសម្លាប់មនុស្ស ១២ នាក់នៅអ៊ីស្រាអែល។
ទោះបីជាមានការបាត់បង់ថ្នាក់ដឹកនាំជាន់ខ្ពស់ក៏ដោយ អ៊ីរ៉ង់នៅតែបន្តបាញ់មីស៊ីលសំដៅទៅលើអ៊ីស្រាអែលនិងរដ្ឋអារ៉ាប់ដែលផ្តល់ទីតាំងយោធាអាមេរិក។
