ហ្សេលេនស្គី ព្រមានពិភពលោកកុំភ្លេចសង្រ្គាមអ៊ុយក្រែន ខណៈវិបត្តិអ៊ីរ៉ង់កំពុងឆាបឆេះ

ហ្សេលេនស្គី ព្រមានពិភពលោកកុំភ្លេចសង្រ្គាមអ៊ុយក្រែន ខណៈវិបត្តិអ៊ីរ៉ង់កំពុងឆាបឆេះ

ហ្សេលេនស្គី និងនាយករដ្ឋមន្ត្រីអង់គ្លេស

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កាលពីថ្ងៃអង្គារ​ទី​១៧​ខែ​មីនា​ឆ្នាំ​២០២៦។ កិច្ចប្រជុំនេះមានគោលបំណងធានាថា ជម្លោះដែលកំពុងឆាបឆេះនៅប្រទេសអ៊ីរ៉ង់ នឹងមិនធ្វើ​ឲ្យ​ពិភពលោកភ្លេចសង្រ្គាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែននោះទេ។

តាម​ការ​ផ្សាយ​របស់ AP លោកហ្សេលេនស្គី បានផ្តល់សញ្ញាអាសន្នថា សង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងផ្ដល់ផលចំណេញដល់សេដ្ឋកិច្ចរុស្ស៊ី តាមរយៈការហក់ឡើងនៃតម្លៃប្រេង។ លោកបានព្រមានថា ស្ថានភាពនេះអាចនឹងធ្វើឲ្យការផ្គត់ផ្គង់ប្រព័ន្ធការពារអាកាសពីលោកខាងលិចមកកាន់ទីក្រុងកៀវ មានកម្រិតទាបជាងមុន។

កិច្ចប្រជុំអ៊ុយក្រែន-អង់គ្លេស

លោកនាយករដ្ឋមន្ត្រី Starmer ក៏បានសម្តែងការយល់ស្រប និងសង្កត់ធ្ងន់ថា មេដឹកនាំ​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន មិនត្រូវក្លាយជាអ្នកចំណេញពីវិបត្តិនៅអ៊ីរ៉ង់ តាមរយៈការឡើងថ្លៃប្រេង ឬការបន្ធូរបន្ថយទណ្ឌកម្មនោះឡើយ។

ក្នុងដំណើរទស្សនកិច្ចនេះ ចក្រភពអង់គ្លេស និងអ៊ុយក្រែន បានឈានដល់កិច្ចព្រមព្រៀងថ្មីមួយ ដោយរួមបញ្ចូលគ្នានូវបទពិសោធន៍សមរភូមិផ្ទាល់របស់អ៊ុយក្រែន ជាមួយឧស្សាហកម្មដ៏រឹងមាំរបស់អង់គ្លេស ដើម្បីផលិតដ្រូនទំនើបៗ។

លោកហ្សេលេនស្គី ថែមទាំងបានស្នើឲ្យ​សម្ព័ន្ធមិត្តលោកខាងលិច យកបច្ចេកវិទ្យាប្រឆាំងដ្រូនដែលអ៊ុយក្រែនធ្លាប់ប្រើ​យ៉ាង​មានប្រសិទ្ធភាព ទៅប្រើប្រាស់ក្នុងវិបត្តិមជ្ឈិមបូព៌ានាពេលបច្ចុប្បន្នទៀតផង ទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធការ​ទទួល​ជំនួយបច្ចេកទេសពីក្រុង​កៀវ​សម្រាប់ដៃគូនៅតំបន់ឈូងសមុទ្រពែក្សក៏ដោយ។

administrator

Related Articles