
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់ជាថ្មីថា ទីក្រុងកៀវត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រសហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ដោយផ្តល់ជូនអ្នកជំនាញដ្រូនកម្រិតខ្ពស់ និងបច្ចេកវិទ្យាស្ទាក់ចាប់សញ្ញា។
កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោកហ្សេលេនស្គីបានថ្លែងទៅកាន់ The New York Post ថា អ៊ុយក្រែនបានឆ្លើយតបភ្លាមៗក្នុងការផ្តល់ជំនួយគ្រប់ពេលទៅឲ្យអាមេរិក។ ការលើកឡើងនេះកើតឡើងក្រោយមានរបាយការណ៍ថា អ៊ុយក្រែនទើបតែបានបញ្ជូនក្រុមអ្នកជំនាញដ្រូនទៅការពារមូលដ្ឋានទ័ពអាមេរិកនៅហ្ស៊កដានី។

ទោះបីជាអ៊ុយក្រែនមានបទពិសោធន៍ខ្លាំងក្នុងការការពារខ្លួនពីដ្រូន Shahed របស់អ៊ីរ៉ង់ដែលរុស្ស៊ីប្រើក៏ដោយ ក៏ប្រធានាធិបតីដូណាល់ ត្រាំបានចេញមុខមកច្រានចោលការផ្តល់ជូននេះជាសាធារណៈ។ លោកត្រាំបានប្រាប់ Fox News ថា «អាមេរិកមិនត្រូវការជំនួយពីអ៊ុយក្រែន លើការការពារដែនអាកាសនៅមជ្ឈិមបូព៌ានោះឡើយ»។
នេះគឺជាលើកទី២ហើយដែលរដ្ឋបាលលោកត្រាំបានបដិសេធភាពជាដៃគូនេះ ដែលសារព័ត៌មាន Axios បានពណ៌នាថាជា «ការគណនាខុសផ្នែកយុទ្ធសាស្ត្រដ៏ធំមួយ»។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ខណៈដែលលោកត្រាំបដិសេធជាសាធារណៈ ប៉ុន្តែមានរបាយការណ៍ថា តាមពិតទៅអាមេរិកធ្លាប់បានស្នើសុំជំនួយពីអ៊ុយក្រែនដោយសម្ងាត់មែន។
រហូតមកដល់ពេលនេះ សេតវិមាននៅតែរក្សាភាពស្ងប់ស្ងាត់ មិនទាន់មានការបកស្រាយផ្លូវការថា តើខ្លួនពិតជាបានស្នើសុំជំនួយដែលត្រូវបានបញ្ជូនទៅដល់ហ្ស៊កដានីនោះមែនឬយ៉ាងណាទេ។ អ៊ុយក្រែននៅតែសង្ឃឹមថា នឹងអាចដោះដូរបទពិសោធន៍សមរភូមិរបស់ខ្លួន ដើម្បីទទួលបានថវិកា និងបច្ចេកវិទ្យាទំនើបៗសម្រាប់ការពារខ្លួនពីការឈ្លានពានរបស់រុស្ស៊ី។
