រាជធានីកាប៊ុល – រដ្ឋាភិបាលតាលីបង់បានរាយការណ៍ថា យោធាប៉ាគីស្ថានបានធ្វើការវាយប្រហារតាមអាកាសលើមន្ទីរពេទ្យព្យាបាលអ្នកញៀនថ្នាំមួយកន្លែងនៅទីក្រុងកាប៊ុល ដែលបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ ៤០០នាក់ និងរបួស ២៥០នាក់។

ការវាយប្រហារនេះបានកើតឡើងនៅយប់ថ្ងៃចន្ទ តាមព័ត៌មានពីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។ ការវាយប្រហារតាមអាកាសនេះត្រូវបានគេចាត់ទុកថាជាការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងជម្លោះរវាងប្រទេសទាំងពីរ។
ទោះជាយ៉ាងណា ប៉ាគីស្ថានបានបដិសេធការអះអាងនេះយ៉ាងខ្លាំង ដោយអះអាងថា៖ «វាមិនពិតទេ ជារឿងបំភាន់! ប៉ាគីស្ថានបានកំណត់គោលដៅយ៉ាងច្បាស់ទៅលើទីតាំងយោធា និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រភេរវកម្មប៉ុណ្ណោះ»។

លោក Attaullah Tarar រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាន បានបង្ហោះលើបណ្តាញ X ថា៖ «ការផ្ទុះបន្ទាប់បន្សំដែលអាចមើលឃើញបន្ទាប់ពីការវាយប្រហារ បង្ហាញយ៉ាងច្បាស់ពីវត្តមាននៃឃ្លាំងគ្រាប់រំសេវធំៗ»។
ជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានបានចាប់ផ្តើមកាលពីខែមុន ហើយត្រូវបានគេចាត់ទុកថាជាជម្លោះដ៏អាក្រក់បំផុតមិនធ្លាប់មានរវាងប្រទេសជិតខាងទាំងពីរ។ ប្រទេសទាំងពីរមានព្រំដែនរួមគ្នាប្រវែង ២,៦០០គីឡូម៉ែត្រ។

ការវាយប្រហារនេះកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសចិនបានប្រកាសថា ខ្លួនត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ។ ចិនបានជំរុញឱ្យប្រទេសទាំងពីរជៀសវាងការពង្រីកសង្គ្រាម និងវិលត្រឡប់មកតុចរចាវិញ។
ភាពតានតឹងនៅតំបន់នេះកើនឡើងនៅពេលដែលមានអស្ថិរភាពកាន់តែខ្លាំងនៅតំបន់ជិតខាង ដែលកំពុងជួបការវាយប្រហារពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់។ ស្ថានភាពនេះបានធ្វើឱ្យតំបន់មជ្ឈិមបូព៌ាធ្លាក់ចូលទៅក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ។
