ស្ត្រីអួតខ្លួនជាថៅកែឡាន និងបោះដុំគ្រឿងសមុទ្រ ត្រូវបានចាប់ខ្លួនពីបទឆបោកខ្ចីលុយជនរងគ្រោះច្រើននាក់

ស្ត្រីអួតខ្លួនជាថៅកែឡាន និងបោះដុំគ្រឿងសមុទ្រ ត្រូវបានចាប់ខ្លួនពីបទឆបោកខ្ចីលុយជនរងគ្រោះច្រើននាក់

ខេត្តកណ្តាល៖ នគរបាលក្រុងតាខ្មៅ បានចាប់ខ្លួនស្ត្រីម្នាក់ដែលអួតខ្លួនជាថៅកែលក់ឡាន និងជាថៅកែបោះដុំគ្រឿងសមុទ្រ ក្នុងបទឆបោកខ្ចីលុយពីជនរងគ្រោះច្រើននាក់។

រូបភាពការចាប់ខ្លួន

ការចាប់ខ្លួននេះបានធ្វើឡើងក្រោយពីនគរបាលទទួលបានបណ្តឹងពីជនរងគ្រោះជាច្រើននាក់ ដែលត្រូវបានស្ត្រីរូបនេះឆបោកខ្ចីលុយដោយអួតខ្លួនថាជាម្ចាស់មុខជំនួញធំៗ។ ការប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

ជនសង្ស័យដែលត្រូវបានចាប់ខ្លួននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ គឺជាស្ត្រីឈ្មោះ យិន សុភ័ណ្ឌ អាយុ៣៨ឆ្នាំ មានទីលំនៅនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ។ នាងត្រូវបានចាប់ខ្លួននៅចំណុចភូមិព្រែកឬស្សីលិច សង្កាត់ព្រែកឬស្សី ក្នុងក្រុងតាខ្មៅ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីបន្តរនីតិវិធីច្បាប់។ ករណីនេះពាក់ព័ន្ធនឹងបទរំលោភលើទំនុកចិត្ត ដោយក្លែងបន្លំខ្លួនជាថៅកែធំ និងម្ចាស់មុខជំនួញដើម្បីឆបោកខ្ចីលុយពីជនរងគ្រោះ។

ដោយ៖ សិលា

administrator

Related Articles