កំហឹងរបស់លោក ដូណាល់ ត្រាំ ចំពោះសម្ព័ន្ធមិត្តដែលមិនព្រមជួយអាមេរិកក្នុងការបើកច្រកសមុទ្រ Hormuz កំពុងកើនឡើងខ្លាំងជាងមុន។ បន្ទាប់ពីបានពន្លះប្រទេសជាសម្ព័ន្ធមិត្តជាច្រើន លោកឥឡូវនេះបានស្តីឲ្យអង្គការណាតូផងដែរ។

នៅក្នុងសន្និសីទកាសែតនៅវិមានកាពីតូល កាលពីថ្ងៃពុធទី១៨ ខែមីនា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិកវ័យ៧៩ឆ្នាំបានបញ្ជាក់ថា សមាជិកភាគច្រើននៃអង្គការណាតូបានបញ្ជាក់ថាពួកគេមិនចង់ពាក់ព័ន្ធក្នុងប្រតិបត្តិការយោធានៅអ៊ីរ៉ង់ឡើយ។ លោកបានហៅសកម្មភាពនេះថា «កំហុសដ៏ល្ងង់ខ្លៅបំផុត»។
លោកត្រាំបានលើកឡើងថា៖ «គ្រប់គ្នាស្របតាមយើង ប៉ុន្តែពួកគេមិនចង់ជួយ។ យើងត្រូវតែចងចាំរឿងនេះទុក ព្រោះយើងគិតថាវាជារឿងដែលគួរឲ្យភ្ញាក់ផ្អើលបំផុត។ ខ្ញុំធ្លាប់គិតថាអឺរ៉ុបនឹងបញ្ជូននាវាបោសសម្អាតមីនមកជួយក្នុងប្រតិបត្តិការនៅច្រកសមុទ្រនេះ។ វាមិនមែនជារឿងធំដុំអ្វីទេ ប៉ុន្តែវាគឺជារឿងអយុត្តិធម៌ សម្រាប់អាមេរិក»។
មុននេះ លោកត្រាំបានពន្លះសម្ព័ន្ធមិត្តរួចហើយ ដោយបន្ទោសថា អាមេរិកបានជួយការពារពួកគេអស់រាប់ឆ្នាំមកហើយ ប៉ុន្តែពួកគេបែរជាគ្មានភក្តីភាពនិងមិនជួយអាមេរិកទៅវិញ។
នៅក្នុងព្រឹត្តិការណ៍នៅសេតវិមានកាលពីថ្ងៃចន្ទទី១៦ ខែមីនា លោកបានថ្លែងថា ប្រទេសទាំងនោះមិនមានភក្តីភាពគ្រប់គ្រាន់សោះឡើយចំពោះអាមេរិក បន្ទាប់ពីទទួលបានការគាំទ្រផ្នែកសន្តិសុខអស់រយៈពេលជាច្រើនទសវត្សរ៍មកនោះ។
លោកបានបន្តថា៖ «ប្រទេសខ្លះពេញចិត្តចំពោះរឿងនេះ ហើយខ្លះទៀតមិនពេញចិត្តឡើយ។ មានប្រទេសខ្លះដែលយើងបានជួយអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ យើងបានការពារពួកគេពីប្រភពខាងក្រៅដ៏គួរឲ្យខ្លាច ប៉ុន្តែពួកគេមិនសូវពេញចិត្តទៅវិញ។ យ៉ាងណា មានប្រទេសខ្លះកំពុងបញ្ជូននាវាមកហើយ»។
ច្រក Hormuz គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ដោយជាផ្លូវដឹកជញ្ជូនប្រេងរហូតដល់១ភាគ៥ នៃពិភពលោក។ លោកត្រាំបានអំពាវនាវឲ្យប្រទេសជាសម្ព័ន្ធមិត្តជួយអន្តរាគមន៍ដើម្បីការពារសុវត្ថិភាពច្រកនេះ។
អត្ថបទ៖ សុខ សុវណ្ណ
