ភ្នំពេញ៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីក្លាយជាសមាជិកកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងពិភពលោក។

សព្វថ្ងៃ រាជរដ្ឋាភិបាលបានដាក់ពាក្យស្នើសុំចូលជាសមាជិក CPTPP រួចហើយ កាលពីខែធ្នូ ឆ្នាំ២០២៥ ដោយការចូលរួមនេះតម្រូវឱ្យមានការយល់ព្រមជាឯកច្ឆន្ទពីសមាជិកទាំង ១២ប្រទេស។ លោកបានលើកឡើងថា ការក្លាយជាសមាជិក CPTPP នឹងជួយពង្រីកទីផ្សារនាំចេញផលិតផលកម្ពុជា និងទាក់ទាញវិនិយោគិនបរទេសមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។

“យើងមានបទពិសោធន៍ល្អក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដូច្នេះការចូលរួម CPTPP នឹងមិនពិបាកពេកទេ” លោក ប៉ែន សុវិជាតិ បានអះអាងយ៉ាងច្បាស់។
CPTPP គឺជាប្លុកពាណិជ្ជកម្មសេរីដ៏សំខាន់មួយ ដែលមានសមាជិក១២ប្រទេស រួមមាន អូស្ត្រាលី, ប្រ៊ុយណេ, កាណាដា, ឈីលី, ជប៉ុន, ម៉ាឡេស៊ី, ម៉ិកសិក, នូវែលសេឡង់, ប៉េរូ, សិង្ហបុរី, វៀតណាម និងអង់គ្លេស។ កិច្ចព្រមព្រៀងនេះគ្របដណ្តប់ប្រមាណ ១៣% នៃ GDP ពិភពលោក។

បច្ចុប្បន្ន កម្ពុជាជាសមាជិក WTO និង RCEP ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោក ដែលគ្របដណ្តប់១៥ប្រទេស និងតំណាងឱ្យ៣០% នៃ GDP ពិភពលោក។ លើសពីនេះ កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាច្រើនទៀត។
ដោយ៖ តារា
