នាយប៉ុស្តិ៍ពពែតបាញ់ស្ពាន់ជើងជនសង្ស័យក្រោយត្រូវចាក់មុន ក្នុងស្ថានភាពការពារខ្លួន

នាយប៉ុស្តិ៍ពពែតបាញ់ស្ពាន់ជើងជនសង្ស័យក្រោយត្រូវចាក់មុន ក្នុងស្ថានភាពការពារខ្លួន

ខេត្តស្វាយរៀង៖ អធិការដ្ឋាននគរបាលស្រុកស្វាយទាប បានចេញសេចក្តីបំភ្លឺជាផ្លូវការពាក់ព័ន្ធនឹងករណីលោកនាយប៉ុស្តិ៍ពពែត បាញ់ស្ពាន់ជើងជនសង្ស័យ ដែលក្រោយមកត្រូវបានសម្រួលបញ្ចប់ដោយស្ងាត់ៗ។

ករណីបាញ់ស្ពាន់ជើងជនសង្ស័យ

អធិការដ្ឋាននគរបាលស្រុកស្វាយទាប បានបញ្ជាក់ថា កាលពីថ្ងៃទី១៤ មីនា ២០២៦ វេលាម៉ោង ២២:៤០នាទីយប់ មានប្រជាពលរដ្ឋឈ្មោះ ញឹម ចន្ទី អាយុ ៣៨ឆ្នាំ បានប្តឹងតាមទូរស័ព្ទទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពពែត ថាឈ្មោះ គង់ ដា អាយុ ៣៦ឆ្នាំ បានចូលផ្ទះរបស់នាងស្រែកឡូឡា វាយបំបែកអំពូលសូឡា និងយកដែកចាក់ទ្វារពីខាងក្រៅមិនឱ្យចេញ។

កន្លែងកើតហេតុ

បន្ទាប់ពីទទួលបានព័ត៌មាន លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលពពែត លោកអនុភូមិ និងមន្ត្រីនគរបាលម្នាក់ បានចុះទៅកន្លែងកើតហេតុ។ ពេលទៅដល់ ឃើញឈ្មោះ គង់ ដា កំពុងស្រែកជេរឡូឡា និងកាន់កាំបិតក្នុងដៃ ហើយស្ទុះមកចាក់លើលោកនាយប៉ុស្តិ៍ បណ្តាលឱ្យរងរបួសហូរឈាមនៅទ្រូងខាងស្តាំ។

ការចុះប្រតិបត្តិការ

ថ្ងៃទី១៦ មីនា វេលាម៉ោង ០៨:៣០ព្រឹក លោកនាយប៉ុស្តិ៍ និងក្រុមសមត្ថកិច្ចចំនួន ៥នាក់ បានទៅផ្ទះជនសង្ស័យដើម្បីហៅមកធ្វើកិច្ចសន្យាអប់រំ។ តែពេលទៅដល់ ជនសង្ស័យបានស្ទុះចេញពីគ្រែដេកក្រោមផ្ទះ កាន់ពូថៅ និងស្រែកជេរថា “ពួកហ្នឹងមកផ្ទះអញធ្វើអី?” ថែមទាំងដើរសំដៅមករកកាប់លោកនាយប៉ុស្តិ៍ម្តងទៀត។

អាជ្ញាធរចុះប្រតិបត្តិការ

លោកនាយប៉ុស្តិ៍បានស្រែកព្រមានថា “កុំចូលៗ ប្រយត្ន័ពូបាញ់!” ប៉ុន្តែជនសង្ស័យមិនស្តាប់ និងរត់ចូលមករកកាប់។ ភ្លាមនោះ លោកនាយប៉ុស្តិ៍ក៏បានប្រើសិទ្ធិការពារខ្លួន បាញ់ផ្ទុកដី ២គ្រាប់ដើម្បីបន្លាច ប៉ុន្តែជនសង្ស័យនៅតែដើរមក ទើបលោកបាញ់មួយគ្រាប់ទៀត បណ្តាលឱ្យត្រូវរបួសជើងខាងស្តាំដួលទៅនឹងកន្លែង។

ការសង្គ្រោះជនរងគ្រោះ

សមត្ថកិច្ច អាជ្ញាធរភូមិ-ឃុំ និងក្រុមគ្រួសារ បានហៅរថយន្តសង្គ្រោះដឹកឈ្មោះ គង់ ដា ទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកជីភូ។ ក្រោយមក បងប្រុសរបស់ជនសង្ស័យ ឈ្មោះ គង់ វ៉ាន់ បានសំណូមពរសមត្ថកិច្ចបញ្ចប់រឿងហេតុមិនប្តឹងផ្តល់ ដោយយល់ថាទាំងពីរខាងសុទ្ធតែក្នុងស្ថានភាពការពារខ្លួន។

ការស្រាវជ្រាវបន្ថែម

តាមការបំភ្លឺ ជនសង្ស័យជាមុខសញ្ញាធ្លាប់ប្រើប្រាស់គ្រឿងញៀន ប្រើអំពើហិង្សា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ លែងលះប្រពន្ធ និងបង្កការអុកឡុកក្នុងមូលដ្ឋានជាញឹកញាប់។ សមត្ថកិច្ចធ្លាប់បានចុះអប់រំជាច្រើនលើករួចមកហើយ។

អធិការដ្ឋាននគរបាលស្រុកស្វាយទាប បានបញ្ជាក់ថា លោកនាយប៉ុស្តិ៍មិនបានផឹកគ្រឿងស្រវឹងក្នុងពេលប្រតិបត្តិការ ដូចដែលសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ។

បច្ចុប្បន្ន លោកវរសេនីយ៍ត្រី អ៊ុន វ៉ាន់ថុល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលពពែត ត្រូវបានការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង អញ្ជើញទៅសាកសួរ និងធ្វើការស្រាវជ្រាវបន្ថែម។

អធិការដ្ឋាននគរបាលស្រុកស្វាយទាប សូមថ្លែងអំណរគុណចំពោះសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែកក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។

administrator

Related Articles