រាជធានីភ្នំពេញ៖ កីឡាករប្រដាល់សកលលេចធ្លោ ហ៊ុន គឹមហៀង បានចែករំលែកបទពិសោធន៍ពីសារៈសំខាន់នៃការហ្វឹកហាត់ប្រចាំ ដោយអំពាវនាវឱ្យមិត្តរួមអាជីពទាំងអស់រក្សាការហ្វឹកហាត់ឱ្យបានត្រឹមត្រូវ។

សមាជិកក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា បានសង្កត់ធ្ងន់ថា ការហ្វឹកហាត់ជាប្រចាំធ្វើឱ្យកីឡាករ កីឡាការិនីអាចរក្សាកម្លាំង និងបច្ចេកទេសល្អពេលឡើងប្រកួតជាក់ស្ដែង។
ហ៊ុន គឹមហៀង បានលម្អិតថា “ពេលយើងបានហ្វឹកហាត់ជាប់លាប់ ធ្វើឱ្យយើងបត់បែនបានល្អ អត់គាំង ចេះញាក់អីល្អ មានកម្លាំង។ ពេលយើងខានយូរ អាចពិបាក យឺត គាំង។ អ៊ីចឹងកីឡាករ កីឡាការិនីយើងទាំងអស់ ត្រូវប្រឹងហ្វឹកហាត់ កុំចាំតែមានឈ្មោះប្រកួត បានខំ កុំទុកវាចោល។”
កីឡាករដែលមានប្រភពពីខេត្តសៀមរាប បានខកខានប្រកួតកីឡាប្រដាល់សកល ជាងមួយឆ្នាំមកហើយ។ ប៉ុន្តែគេថា មិនមានបញ្ហាអ្វីឡើយ ព្រោះនៅតែរក្សាការហ្វឹកហាត់ជាប្រចាំ។
ដូច្នេះសម្រាប់ការប្រកួតប្រចាំខែ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ខាងមុខ គេត្រៀមខ្លួនបានយ៉ាងល្អ រួចជាស្រេច ហើយប្ដេជ្ញានឹងធ្វើឱ្យកក្រើកជូនទស្សនិកជនបានទស្សនា។
ប្រកួតប្រដាល់សកលអាជីពប្រចាំខែ គឺជាកត្តារួមចំណែកសំខាន់ដល់ការអភិវឌ្ឍកីឡាប្រដាល់សកលនៅកម្ពុជា។ ម្យ៉ាងវិញទៀតនេះ ជាការប្រកួតប្រចាំខែលើកទី២ ហើយក្នុងគម្រោងដែលសហព័ន្ធកីឡាប្រដាល់សកលកម្ពុជារៀបចំឱ្យមានការប្រកួតនេះឡើង ដែលមានរយៈពេល១ឆ្នាំពេញ។
អត្ថបទសរសេរដោយ អ៊ុំ សំអូន
កែសម្រួលដោយ សារ៉ា ចន្ទ
