យោធាសហរដ្ឋអាមេរិកបានបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់១៥៧នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដ៏សាហាវប្រឆាំងនឹងក្រុមដែលអាមេរិកចោទថា ជា«ពួកភេរវករ»ជួញដូរគ្រឿងញៀននៅឯនាយសមុទ្រអាមេរិកឡាទីន តែអ្នកជំនាញផ្នែកច្បាប់អន្តរជាតិបានពិពណ៌នាថា ជា«យុទ្ធនាការសម្លាប់ក្រៅប្រព័ន្ធតុលាការ»។

មន្ត្រីជាន់ខ្ពស់ការពារជាតិ លោក Joseph Humire និយាយថា៖ «នាវាជួញដូរគ្រឿងញៀនចំនួន ៤៧គ្រឿងត្រូវបានវាយប្រហារក្នុងតំបន់ការ៉ាប៊ីន និងប៉ាស៊ីហ្វិកខាងកើតចាប់តាំងពីយុទ្ធនាការនេះបានចាប់ផ្តើមក្នុងខែកញ្ញាឆ្នាំមុន»។ នេះបើយោងតាម Al Jazeera ផ្សាយថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។
ទោះបីយ៉ាងណានៅថ្ងៃអង្គារពេលអ្នកតាក់តែងច្បាប់សួរថាតើបរិមាណគ្រឿងញៀនដែលចូលសហរដ្ឋអាមេរិកថយចុះឬអត់? លោក Humire ឆ្លើយថា៖ «នាវាចរជួញដូរគ្រឿងញៀនបានថយចុះ ២០ភាគរយក្នុងតំបន់ការ៉ាប៊ីន។ យើងបានវាស់វែងពីការថយចុះនៃការចល័តរបស់នាវា»។

ចំណែក លោក Adam Smith អ្នកតំណាងរាស្ត្រឆ្លើយតបវិញថា៖ «ប៉ុន្តែនោះជាការបដិសេធទាក់ទងនឹងគ្រឿងញៀនពីចំនួនពិតដែលចូលក្នុងសហរដ្ឋអាមេរិក»។
អ្នកជំនាញសម្តែងការសង្ស័យថា ការវាយប្រហារទាំងនេះមានផលប៉ះពាល់គួរឱ្យកត់សម្គាល់លើការជួញដូរគ្រឿងញៀន ហើយអ្នកជំនាញផ្នែកច្បាប់លើកឡើងថា៖ «យុទ្ធនាការនេះគឺជាការរំលោភច្បាប់អន្តរជាតិយ៉ាងច្បាស់ ហើយកំពុងធ្វើឱ្យមានភាពស្រពេចស្រពិលរវាងជម្លោះប្រដាប់អាវុធ និងសកម្មភាពឧក្រិដ្ឋកម្ម»។
យោងតាមច្បាប់អន្តរជាតិ ជម្លោះប្រដាប់អាវុធ សង្គ្រាម ឬភាពជាសត្រូវ (អរិភាព) រវាងរដ្ឋ ឬក្រុមប្រដាប់អាវុធដែលមានការរៀបចំ ក្នុងកាលៈទេសៈទាំងនោះ ច្បាប់អន្តរជាតិ (ដូចជាធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់សង្គ្រាម) ទទួលស្គាល់ថា កម្លាំងយោធាអាចប្រើប្រាស់បាន ប៉ុន្តែក្នុងដែនកំណត់តឹងរ៉ឹងប៉ុណ្ណោះ។

រីឯសកម្មភាពឧក្រិដ្ឋកម្ម ដូចជាការជួញដូរគ្រឿងញៀន ឬការរត់ពន្ធ ទាំងនេះមិនមែនជាសកម្មភាពសង្គ្រាមទេ ដូច្នេះច្បាប់អន្តរជាតិមិនអនុញ្ញាតឱ្យរដ្ឋប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងពួកគេទេ។
គួរបញ្ជាក់ថា រដ្ឋបាលលោកដូណាល់ត្រាំយកវិធីសាស្រ្តយោធានិយមក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន អនុញ្ញាតឱ្យសហរដ្ឋអាមេរិកពង្រីកឥទ្ធិពលយោធានៅទូទាំងតំបន់៕
