ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចែករំលែកបទពិសោធន៍ពីភាពជោគជ័យនៃការអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់សេវារដ្ឋបាលតាមអនឡាញ នៅក្នុងកិច្ចសម្ភាសន៍ជាមួយក្រសួងមហាផ្ទៃ។

លោកអភិបាលបានបញ្ជាក់ថា ការធ្វើឌីជីថលនេះមិនត្រឹមតែធ្វើឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការទទួលសេវាប៉ុណ្ណោះទេ ថែមទាំងជួយដល់មន្ត្រីរដ្ឋបាលក្នុងការងារផងដែរ។ ប្រព័ន្ធថ្មីនេះអនុញ្ញាតឱ្យរដ្ឋបាលខេត្តអាចតាមដានស្ថានភាពសំណុំរឿងបានគ្រប់ជំហាន ដោយកំណត់តួនាទីនិងការទទួលខុសត្រូវច្បាស់លាស់។

“ការកត់ត្រាក្នុងសៀវភៅបញ្ជីត្រូវបានជំនួសដោយប្រព័ន្ធឌីជីថលទាំងស្រុង” លោក អ៊ុន ចាន់ដា បានពន្យល់។ “វាជួយកាត់បន្ថយការយឺតយ៉ាវ និងធានាភាពត្រឹមត្រូវក្នុងការផ្ទៀងផ្ទាត់ឯកសារ។”

ជាមួយគ្នានោះ លោកអភិបាលបានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការបន្តជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីប្រែក្លាយរដ្ឋបាលខេត្តទៅជារដ្ឋបាលឌីជីថលដ៏មានសក្តានុពល ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

ប្រព័ន្ធនេះត្រូវបានដាក់ឱ្យអនុវត្តនៅអង្គភាពច្រកចេញចូលតែមួយ ដែលជួយកាត់បន្ថយការងាររដ្ឋបាលស្មុគស្មាញដោយដៃ និងផ្តល់សេវាដែលមានគុណភាពខ្ពស់ជាងមុន។
