
ភ្នំពេញ – ការបោះឆ្នោតសភាប្រជាជនកំពូលលើកទី១៥ នៃប្រទេសកូរ៉េខាងជើង បានបញ្ចប់ដោយជោគជ័យយ៉ាងខ្លាំង ដោយគណបក្សពលកររបស់លោក គីម ជុងអ៊ុន ទទួលបានសំឡេងគាំទ្ររហូតដល់ ៩៩.៩៣%។
តាមការផ្សាយរបស់សារព័ត៌មាន KCNA នៅថ្ងៃពុធទី១៨ ខែមីនា ឆ្នាំ២០២៦ ការបោះឆ្នោតដែលរៀបចំឡើងនៅថ្ងៃទី១៥ ខែមីនា មានអ្នកចេញទៅបោះឆ្នោតរហូតដល់ ៩៩.៩៩% នៃអ្នកបោះឆ្នោតទាំងអស់។
លោក គីម ជុងអ៊ុន ខ្លួនឯងមិនឈរឈ្មោះជាបេក្ខជនសភាទេ ដូចកាលពីឆ្នាំ២០១៩ ប៉ុន្តែលោកនៅតែរក្សាតំណែងជាមេដឹកនាំកំពូល តាមរយៈតំណែងជាអគ្គលេខាធិការបក្ស និងប្រធានគណៈកម្មាធិការកិច្ចការរដ្ឋ។

លោក គីម បានទៅបោះឆ្នោតផ្ទាល់ក្នុងតំបន់អណ្តូងរ៉ែធ្យូងថ្មយុវជន Sunchon ដោយបោះឲ្យបេក្ខជនឈ្មោះ Jo Chol Ho ដែលជាអ្នកគ្រប់គ្រងអណ្តូងរ៉ែនៅទីនោះ។
នៅក្នុងអាណត្តិថ្មីនេះ សមាជិកសភាចំនួន ៦៨៧ រូប ត្រូវបានជ្រើសរើស ហើយមានការផ្លាស់ប្តូរសមាជិកសភាចាស់ៗចេញរហូតដល់ជាង ៧០% ដើម្បីជំនួសមកវិញនូវមន្ត្រីក្មេងៗដែលស្មោះត្រង់នឹងលោក គីម។
ប្អូនស្រីរបស់លោកគីម គឺ គីម យូចុង ក៏ជាប់ឆ្នោតជាសមាជិកសភាដែរ និងត្រូវបានដំឡើងតំណែងសំខាន់ក្នុងបក្សទៀតផង។
សភាអាណត្តិថ្មីនេះនឹងបើកសម័យប្រជុំដំបូងនៅថ្ងៃទី២២ ខែមីនាខាងមុខ ដើម្បីបោះឆ្នោតជ្រើសរើសលោក គីម ជាប្រធានគណៈកម្មាធិការកិច្ចការរដ្ឋជាថ្មី។
