អ៊ីរ៉ង់ព្រមានអាមេរិក៖ បើហ៊ានវាយ នឹងជួប«សង្គ្រាមវៀតណាមទី២»

អ៊ីរ៉ង់ព្រមានអាមេរិក៖ បើហ៊ានវាយ នឹងជួប«សង្គ្រាមវៀតណាមទី២»

អនុរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានចេញសំដីព្រមានចំៗទៅកាន់សហរដ្ឋអាមេរិក ក្នុងការប្រឈមមុខជាមួយអ៊ីរ៉ង់ ដោយរំលឹកពីប្រវត្តិសាស្ត្រសង្គ្រាមវៀតណាម។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ Saeed Khatibzadeh

ក្នុងសម្ភាសន៍ជាមួយ Sky News នៅថ្ងៃចន្ទទី១៦ ខែមីនា ឆ្នាំ២០២៦ លោក Khatibzadeh បានថ្លែងយ៉ាងច្បាស់ថា៖ «ទៅមើលអ្វីដែលកើតឡើងនៅវៀតណាមទៅ! កងទ័ពអាមេរិកអាចប្រឈមមុខនឹងលទ្ធផលដូចគ្នានោះ នៅក្នុងប្រទេសអ៊ីរ៉ង់។»

អនុរដ្ឋមន្ត្រីអ៊ីរ៉ង់បានអះអាងបន្ថែមថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធលុះក្ស័យបើចាំបាច់ ហើយបច្ចុប្បន្ននេះ អ៊ីរ៉ង់ក៏មិនទាន់ផ្តោតលើការស្វែងរកដំណោះស្រាយតាមផ្លូវការទូតណាមួយដែរ។

ការព្រមាននេះមកពីព័ត៌មានថា អាមេរិកកំពុងគ្រោងបញ្ជូនទ័ពជើងគោកទៅវាយអ៊ីរ៉ង់ ដែលធ្វើឲ្យតេហេរ៉ង់ចេញសំដីព្រមានថា បើលោកដូណាល់ ត្រាំ ហ៊ានបញ្ជូនទ័ពមកមែន អាមេរិកនឹងជួបសង្គ្រាមវៀតណាមទី២ មិនខានឡើយ។

អ្នកវិភាគអន្តរជាតិបានលើកឡើងថា ការរំលឹកពីសង្គ្រាមវៀតណាមរបស់អ៊ីរ៉ង់ គឺជាយុទ្ធសាស្ត្រដើម្បីញុះញៀងឲ្យពលរដ្ឋអាមេរិកភ័យខ្លាច និងរំលឹកពីប្រវត្តិសាស្ត្រដ៏ជូរចត់នៃសង្គ្រាមវៀតណាម ដែលធ្វើឲ្យទាហានអាមេរិកជាង ៥៨,០០០ នាក់ស្លាប់ និងជាង ៣០០,០០០ នាក់រងរបួស។

សង្គ្រាមវៀតណាមក៏បានធ្វើឲ្យអាមេរិកចំណាយប្រាក់ជាង ១៦៨ ពាន់លានដុល្លារ និងបណ្តាលឲ្យមានអតិផរណាធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិអស់រយៈពេលយូរ។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles