ចិនបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែលប្រកាសផ្តល់ជំនួយមនុស្សធម៌ទៅកាន់អ៊ីរ៉ង់ និងលីបង់ ក្នុងពេលសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាកំពុងរីករាលដាល។

ការប្រកាសនេះបានមកបន្ទាប់ពីសង្រ្គាមឈានចូលដល់សប្តាហ៍ទី៣ ដោយចិនជាមហាអំណាចទីមួយដែលផ្តល់ជំនួយដល់ប្រទេសដែលប៉ះពាល់ដោយជម្លោះនៅអ៊ីរ៉ង់។ នេះបើតាមក្រសួងការបរទេសចិន ដែលរាយការណ៍ដោយភ្នាក់ងារ AFP កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា៖ «ប្រទេសចិនបានសម្រេចចិត្តផ្តល់ជំនួយមនុស្សធម៌បន្ទាន់ដល់ប្រទេសអ៊ីរ៉ង់ ហ្ស៊កដានី លីបង់ និងអ៊ីរ៉ាក់។ សង្គ្រាមនេះបានបង្កឱ្យមានគ្រោះមហន្តរាយមនុស្សធម៌ធ្ងន់ធ្ងរនៅក្នុងតំបន់។»

ទីក្រុងប៉េកាំង ដែលជាដៃគូជិតស្និទ្ធរបស់អ៊ីរ៉ង់ ក៏បានជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើប្រទេសនេះ។ ចិនក៏បានរិះគន់ការវាយប្រហាររបស់ទីក្រុងតេហេរ៉ង់ប្រឆាំងនឹងរដ្ឋក្នុងឈូងសមុទ្រដែលមានមូលដ្ឋានយោធាអាមេរិកផងដែរ។
លោក Lin បន្ថែមថា៖ «ប្រទេសចិននឹងបន្តខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីលើកកម្ពស់សន្តិភាព និងបញ្ឈប់សង្គ្រាម និងដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀតនៃវិបត្តិមនុស្សធម៌។»

ប្រទេសចិនបានស្វែងរកការសម្របសម្រួលនៅក្នុងសង្គ្រាមនេះ ដោយមានលោក Zhai Jun បេសកជនពិសេសប្រចាំនៅមជ្ឈិមបូព៌ា ជំរុញឱ្យមានការបន្ធូរបន្ថយភាពតានតឹង។
អ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិន លោក វ៉ាង យី បានលើកឡើងថា៖ «សង្គ្រាមនេះមិនគួរកើតឡើងឡើយ។ យើងអំពាវនាវឱ្យបញ្ចប់ការប្រយុទ្ធគ្នាជាបន្ទាន់។»
ការប្រកាសផ្តល់ជំនួយមនុស្សធម៌នេះបានកើតឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និយាយថា លោកនឹងពន្យារពេលដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់ទីក្រុងប៉េកាំង។
