ភ្នំពេញ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមីរ ហ្សេលេនស្គី បានប្រកាសថា រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជូនអ្នកជំនាញយោធាជាង២០០នាក់ទៅកាន់តំបន់ឈូងសមុទ្រ និងមជ្ឈិមបូព៌ា ដើម្បីជួយការពារប្រទេសទាំងនោះពីការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់។

ក្នុងសុន្ទរកថានៅទីក្រុងឡុងដ៍ កាលពីថ្ងៃអង្គារ លោកហ្សេលេនស្គីបានឱ្យដឹងថា៖ «អ្នកជំនាញប្រឆាំងខាងបច្ចេកវិទ្យាដ្រូនរបស់អ៊ុយក្រែនចំនួន២០១នាក់កំពុងស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយ៣៤នាក់ផ្សេងទៀតត្រៀមខ្លួនរួចរាល់ដើម្បីដាក់ពង្រាយ»។
មេដឹកនាំអ៊ុយក្រែនបានបញ្ជាក់បន្ថែមថា៖ «ពួកគេជាអ្នកជំនាញយោធា ដែលដឹងពីរបៀបជួយ និងការពារប្រឆាំងនឹងដ្រូន Shahed។ ក្រុមរបស់យើងស្ថិតនៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម កាតា អារ៉ាប៊ីសាអូឌីត និងកំពុងធ្វើដំណើរទៅកាន់ប្រទេសគុយវ៉ែតផងដែរ»។

លោកបន្តថា៖ «យើងកំពុងធ្វើការជាមួយប្រទេសជាច្រើនទៀត រីឯកិច្ចព្រមព្រៀងនានាមានរួចហើយ។ យើងមិនចង់ឱ្យអំណាចរបបអ៊ីរ៉ង់ប្រឆាំងនឹងប្រទេសជិតខាងទទួលបានជោគជ័យនោះទេ»។
កាលពីសប្តាហ៍មុន លោកហ្សេលេនស្គីបានលើកឡើងថា ក្រុមយោធាបានបញ្ជូនទៅរដ្ឋក្នុងឈូងសមុទ្រជាច្រើន និងប្រទេសហ្ស៊កដានីផងដែរ។
ក្នុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer និងប្រធានណាតូ លោក Mark Rutte មេដឹកនាំអ៊ុយក្រែនបានរៀបរាប់ថា៖ «រុស្ស៊ីបានទទួលដ្រូន Shahed-១៣៦ ពីអ៊ីរ៉ង់។ ប្រទេសនេះបង្រៀនរុស្ស៊ីពីរបៀបបាញ់បង្ហោះដ្រូនទាំងនោះ និងផ្តល់បច្ចេកវិទ្យាដើម្បីផលិតទៀតផង»។

លោកបន្ថែមថា៖ «ដូច្នេះអ្វីដែលកំពុងកើតឡើងនៅជុំវិញប្រទេសអ៊ីរ៉ង់នាពេលបច្ចុប្បន្ននេះ មិនមែនជាសង្គ្រាមដ៏ឆ្ងាយសម្រាប់យើងទេ ដោយសារតែកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងអ៊ីរ៉ង់។ ពួកគេជាបងប្អូននឹងគ្នា»។
