ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងបានចាប់ផ្ដើមរៀបចំពិធីសង្ក្រាន្តឆ្នាំ២០២៦ ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ដោយសន្យានឹងជាពិធីដ៏អស្ចារ្យមួយ។

ជាក់ស្ដែង នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំដើម្បីបង្កើតគណៈកម្មការ និងអនុគណៈកម្មការរៀបចំពិធី «សង្ក្រាន្តស្វាយរៀង» សម្រាប់អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ក្នុងឱកាសនោះ លោកអភិបាលខេត្តបានណែនាំសមាជិកគណៈកម្មការទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់លើភារកិច្ចរបស់ខ្លួន ដើម្បីធានាឱ្យការរៀបចំពិធីសង្ក្រាន្តឆ្នាំនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យគ្រប់ផ្នែក។
លោកបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗចំនួន៣ គឺ៖
១. សុវត្ថិភាព និងសណ្ដាប់ធ្នាប់៖ ពង្រឹងសន្តិសុខឱ្យម៉ឺងម៉ាត់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ
២. ភាពសប្បាយរីករាយ៖ រៀបចំកម្មវិធីកម្សាន្តប្លែកៗ ចម្រុះពណ៌
៣. ការអភិរក្សប្រពៃណី៖ គោរពទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ

រដ្ឋបាលខេត្តស្វាយរៀងរំពឹងទុកថា នឹងមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកចូលរួមទស្សនា និងលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរនាពេលខាងមុខនេះ។

ពិធីសង្ក្រាន្តស្វាយរៀងឆ្នាំ២០២៦ នឹងជាឱកាសដ៏ល្អសម្រាប់ក្រុមគ្រួសារ និងមិត្តភក្ដិជួបជុំគ្នាអបអរសាទរឆ្នាំថ្មីដោយពេញទំហឹង។
ដោយ៖ សុថាន
