អាថ៌កំបាំងសុខភាពមេដឹកនាំអ៊ីរ៉ង់ថ្មី តើពិតទេដែលលោក មុជតាបា ត្រូវដឹកទៅព្យាបាលនៅរុស្ស៊ី?

អាថ៌កំបាំងសុខភាពមេដឹកនាំអ៊ីរ៉ង់ថ្មី តើពិតទេដែលលោក មុជតាបា ត្រូវដឹកទៅព្យាបាលនៅរុស្ស៊ី?

ជាងមួយសប្តាហ៍កន្លងមក បន្ទាប់ពីត្រូវបានជ្រើសរើសជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក មុជតាបា ខាមមេនៃ (Mojtaba Khamenei) មិនបានបង្ហាញខ្លួនជាសាធារណៈម្តងណាឡើយ ដែលជំរុញឲ្យមានការសង្ស័យយ៉ាងខ្លាំងអំពីស្ថានភាពរបស់គាត់។

មេដឹកនាំអ៊ីរ៉ង់ថ្មី

របាយការណ៍ពីប្រភពផ្សេងៗបានលើកឡើងថា មេដឹកនាំអ៊ីរ៉ង់ថ្មីនេះបានរងរបួសយ៉ាងធ្ងន់ធ្ងររហូតដល់សន្លប់ ហើយត្រូវបានបញ្ជូនទៅប្រទេសរុស្ស៊ីដើម្បីទទួលការព្យាបាលជាបន្ទាន់។

កាសែតគុយវ៉ែត Al-Jarid បានដកស្រង់ប្រភពជាន់ខ្ពស់របស់អ៊ីរ៉ង់ដែលអះអាងថា ដោយសារហេតុផលសុខភាព និងសុវត្ថិភាព លោក មុជតាបា ត្រូវបានផ្ទេរដោយសម្ងាត់ទៅកាន់ទីក្រុងមូស្គូ ប្រទេសរុស្ស៊ីតាំងពីថ្ងៃទី១២មីនា។ នៅទីក្រុងមូស្គូ មេដឹកនាំអ៊ីរ៉ង់ថ្មីនេះទទួលការវះកាត់ដោយជោគជ័យ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយក្នុងលំនៅដ្ឋានប្រធានាធិបតីនៅទីក្រុងមូស្គូ។

ការព្យាបាលនៅរុស្ស៊ី

កាសែតដដែលនេះបានអះអាងទៀតថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តដោយផ្ទាល់ ក្នុងអំឡុងពេលហៅទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់ លោក Masoud Pezeshkian។ ក្រោយមកនៅល្ងាចនោះ លោក មុជតាបា ត្រូវបានដឹកជញ្ជូនតាមយន្តហោះយោធារុស្ស៊ីមួយគ្រឿងជាមួយបុគ្គលិកពេទ្យ។

ការអះអាងទាំងនេះស្របនឹងរបាយការណ៍ដែលមានមូលដ្ឋានលើប្រភពពីមុនពីការបោះពុម្ពផ្សាយផ្សេងៗដែលបានបង្ហាញថា លោក មុជតាបា បានរងរបួសធ្ងន់ធ្ងរដល់ជើងរបស់គាត់។ សូម្បីតែប្រភពពី The Sun របស់អង់គ្លេស និង CNN របស់សហរដ្ឋអាមេរិកក៏បានចេញផ្សាយដែរថា លោកបានរងរបួសក្រពះ ឬថ្លើមធ្ងន់ធ្ងរ រួមទាំងបាក់ជើង ស្នាមជាំជុំវិញភ្នែកខាងឆ្វេង និងស្នាមរបួសតូចៗនៅលើមុខ។

ស្ថានភាពសុខភាព

មិនតែប៉ុណ្ណោះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល និងអាមេរិកបានអះអាងម្តងហើយម្តងទៀតថា លោកបានរងរបួសក្នុងអំឡុងពេលវាយប្រហារដំបូងដែលបានសម្លាប់ឪពុក និងសមាជិកគ្រួសារជាច្រើនរបស់លោក។ ប៉ុន្តែភាគីអ៊ីរ៉ង់ នៅតែបន្តអះអាងជាដដែលៗថា «មេដឹកនាំថ្មី មិនមានបញ្ហាឬរបួសអ្វីទាំងអស់»។

អត្ថបទ៖ សាង ស្រីល័ក្ខ

administrator

Related Articles