ភ្នំពេញ៖ ក្រសួងព័ត៌មានបានចេញសារជំរុញដាស់តឿនដល់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឱ្យឈប់ផ្សាយរូបភាពឃោរឃៅ និងអំពើហិង្សាលើបណ្តាញសង្គម ដែលជាការរំលោភលើសិទ្ធិឯកជន និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។

លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ថា ការផ្សាយវីដេអូ ឬរូបភាពនៃករណីឃាតកម្ម គ្រោះថ្នាក់ចរាចរណ៍ ដែលបង្ហាញរូបភាពតក់ស្លុត មានឈាម របួស ឬការស្លាប់ គឺជាទង្វើប្រាសចាកក្រមសីលធម៌។
លោកបន្តថា ការផ្សាយរូបភាពទាំងនេះបង្កភាពភ័យខ្លាច តក់ស្លុត និងប៉ះពាល់ដល់អារម្មណ៍កុមារ និងពលរដ្ឋទូទៅ។ វាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អារម្មណ៍ជនរងគ្រោះ និងគ្រួសារពួកគេ។

ក្រសួងព័ត៌មានបានរំលឹកអំពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជាពិសេសចំណុចទី១៣ ដែលហាមប្រាមការផ្សព្វផ្សាយរូបភាពឃោរឃៅ អំពើហិង្សា ឬគ្រោះថ្នាក់ចរាចរណ៍ដែលគួរឱ្យរន្ធត់។
ក្រសួងបានធ្វើការណែនាំដល់អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកាលើបណ្តាញសង្គមជាច្រើន ដែលបានយល់ព្រមទទួលកំហុស និងដកមាតិកាដែលមានបញ្ហាចេញពីបណ្តាញសង្គម។

ក្រសួងនឹងបន្តការអប់រំ តម្រង់ទិសលើការអនុវត្តក្រមសីលធម៌ ហើយសូមអំពាវនាវដល់សាធារណជនឱ្យចូលរួមនិយាយថា “ទេ” ចំពោះព័ត៌មានអវិជ្ជមាន កុំ Share បន្ត ហើយជួយ Report ទៅក្រុមហ៊ុនបណ្តាញសង្គម។
សូមចូលរួមលើកកម្ពស់តម្លៃសេចក្តីថ្លៃថ្នូររបស់សង្គមជាតិ និងបង្កើតបរិយាកាសឌីជីថលមួយដែលមានសុវត្ថិភាព។
