កប៉ាល់ថៃរសាត់ចូលដែនទឹកអ៊ីរ៉ង់ ប្រតិបត្តិការសង្គ្រោះកាន់តែស្មុគស្មាញ

កប៉ាល់ថៃរសាត់ចូលដែនទឹកអ៊ីរ៉ង់ ប្រតិបត្តិការសង្គ្រោះកាន់តែស្មុគស្មាញ

ប្រទេសថៃកំពុងប្រឈមមុខនឹងបញ្ហាស្មុគស្មាញក្នុងប្រតិបត្តិការសង្គ្រោះ បន្ទាប់ពីកប៉ាល់ដឹកទំនិញរបស់ខ្លួនដែលត្រូវឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) វាយប្រហារ បានរសាត់អណ្តែតចូលទៅក្នុងដែនទឹកអ៊ីរ៉ង់។

កប៉ាល់ថៃត្រូវវាយប្រហារ

កាលពីថ្ងៃពុធទី១៨ ខែមីនា ឆ្នាំ២០២៦ កាសែត Bangkok Post បានដកស្រង់សម្តីមេទ័ពជើងទឹកថៃ Pairote Fuangchan ដែលអះអាងថា ប្រតិបត្តិការសង្គ្រោះកាន់តែស្មុគស្មាញ ក្រោយកប៉ាល់ Mayuree Naree អណ្តែតចូលដែនទឹកអ៊ីរ៉ង់ ខណៈនាវិកទាំង៣នាក់ត្រូវគេជឿថា ជាប់ក្នុងនោះ។

យ៉ាងណាក៏ដោយ លោកបញ្ជាក់ថា ថៃនិងកងទ័ពជើងទឹកអូម៉ង់ នៅតែបន្តទាក់ទងនិងសហការគ្នា ដើម្បីតាមដានចលនារបស់កប៉ាល់ ហើយនឹងផ្តល់ព័ត៌មានជាបន្តទៀត។

ប្រតិបត្តិការសង្គ្រោះ

ទន្ទឹមនោះ ថៃអះអាងថា ខ្លួនក៏កំពុងទាក់ទងទៅអ៊ីរ៉ង់ដែរ ដើម្បីសុំឲ្យជួយដល់នាវិកទាំង៣នាក់។

សូមជម្រាបជាថ្មី កាលពីថ្ងៃពុធទី១១ ខែមីនា កប៉ាល់ដឹកទំនិញ Mayuree Naree ត្រូវរងការវាយប្រហារ អំឡុងពេលធ្វើដំណើរចេញពីកំពង់ផែខាលីហ្វា នៃប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា។

នាវិក២០នាក់ត្រូវបានជួយសង្គ្រោះនិងជម្លៀសដោយសុវត្ថិភាព ទៅកាន់ប្រទេសអូម៉ង់ ប៉ុន្តែ៣នាក់ទៀត នៅតែរកមិនទាន់ឃើញគិតត្រឹមពេលនេះ។

កងទ័ពជើងទឹក

ក្រុមហ៊ុន Precious Shipping Public Company Limited (PSL) ដែលជាម្ចាស់កប៉ាល់ ចេញមុខប្រកែកថា អ៊ីរ៉ង់មិនបានចេញការព្រមានជាក់លាក់ណាមួយទេ មុនពេលវាយប្រហារ ទើបកប៉ាល់របស់ខ្លួនសម្រេចធ្វើដំណើរ តាមច្រកសមុទ្រ Hormuz។

PSL បញ្ជាក់ថា ទាំងមុនពេល និងអំឡុងពេលធ្វើដំណើរ កប៉ាល់ Mayuree Naree បានអនុវត្តតាមយ៉ាងម៉ឺងម៉ាត់នូវវិធានការសន្តិសុខ ការណែនាំអំពីសុវត្ថិភាពសមុទ្រ និងរាល់តម្រូវការរាយការណ៍ដែលពាក់ព័ន្ធទាំងអស់។

ការប្រកែកនេះ គឺជាការវាយបកទៅអ៊ីរ៉ង់ ដែលបញ្ជាក់ច្បាស់ៗហើយថា IRGC បាញ់កប៉ាល់ថៃ ព្រោះតែ មិនព្រមស្តាប់ការព្រមានហើយថែមទាំងផ្គើនថែមទៀត។ តាមការអះអាងរបស់ IRGC, កប៉ាល់នេះ គឺធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Hormuz ដោយខុសច្បាប់។

administrator

Related Articles