រាជធានីភ្នំពេញ៖ អាជ្ញាធរកម្ពុជាបានធ្វើប្រតិបត្តិការចុះបង្ក្រាបទីតាំងល្បែងស៊ីសងអនឡាញខុសច្បាប់មួយកន្លែងនៅក្នុងខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។

ក្នុងប្រតិបត្តិការនេះ អាជ្ញាធរបានឃាត់ខ្លួនជនបរទេសចំនួន ៩ នាក់ រួមមានជនជាតិចិន ៨ នាក់ និងជនជាតិម៉ាឡេស៊ី ១ នាក់។ ទីតាំងនេះស្ថិតនៅផ្ទះលេខ១ ផ្លូវ M០៩ ក្នុងបុរីមួយក្នុងភូមិបឹងឈូក សង្កាត់និរោធ។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌច្បារអំពៅ និងការសម្របសម្រួលនីតិវិធីច្បាប់ដោយលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

អាជ្ញាធរបានដកហូតវត្ថុតាងបច្ចេកទេសជាច្រើន រួមមានទូរស័ព្ទដៃ ២៤៧ គ្រឿង កុំព្យូទ័រ All in One ០៨ គ្រឿង ធុង CPU ០២ គ្រឿង និងម៉ូនីទ័រ ០២ គ្រឿង។
សមត្ថកិច្ចបានសន្និដ្ឋានថា ទីតាំងនេះគឺជាកន្លែងដំណើរការល្បែងស៊ីសងអនឡាញ ដែលមានគោលដៅបោកបញ្ឆោតជនរងគ្រោះនៅក្រៅប្រទេស រួមមានប្រទេសម៉ាឡេស៊ី សិង្ហបុរី និងប្រទេសចិន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងនេះត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងឈានទៅកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធជាបន្តទៀត។
សូមជម្រាបថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦។
សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។
អត្ថបទសរសេរដោយ អ៊ាង ប៊ុនរិទ្ធ
កែសម្រួលដោយ ស្រីណា
