អន្តរជាតិ៖ សហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិក (CAF) បានសម្រេចដកសិទ្ធិម្ចាស់ជើងឯកពានរង្វាន់ទ្វីបអាហ្វ្រិកឆ្នាំ២០២៥ ឬ Africa Cup of Nations (AFCON) ពីក្រុមជម្រើសជាតិសេណេហ្គាល់ទៅឱ្យក្រុមជម្រើសជាតិម៉ារ៉ុក ក្នុងការសម្រេចដ៏ភ្ញាក់ផ្អើលមួយ។

CAF កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានប្រកាសថា ក្រុមប្រឹក្សាបណ្តឹងឧទ្ធរណ៍របស់ខ្លួនបានបដិសេធលទ្ធផលប្រកួតវគ្គផ្តាច់ព្រ័ត្រ AFCON កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅកីឡដ្ឋាន Prince Moulay Abdellah ប្រទេសម៉ារ៉ុក។
ការសម្រេចនេះបានមកពីព្រឹត្តិការណ៍ដែលក្រុមសេណេហ្គាល់បោះបង់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីគ្រូបង្វឹកលោក Pape Thiaw និងកីឡាករមួយចំនួនបានដើរចេញពីទីលានរយៈពេល១៥នាទី ដើម្បីតវ៉ាប្រឆាំងនឹងការផ្តល់បាល់ពិន័យប៉េណាល់ទីដល់ម៉ារ៉ុកក្នុងម៉ោងបន្ថែមនៃតង់ទី២។
យ៉ាងណាមិញ ពួកគេបានត្រឡប់មកកាន់ទីលានប្រកួតវិញ បន្ទាប់ពីការទទូចអង្វររបស់ប្រធានក្រុម Sadio Mane។ ការទាត់បាល់ពិន័យរបស់កីឡាករម៉ារ៉ុកត្រូវបានសង្គ្រោះដោយអ្នកចាំទីសេណេហ្គាល់ ហើយកីឡាករ Pape Gueye បានរកគ្រាប់ជ័យជម្នះឱ្យក្រុមសេណេហ្គាល់លទ្ធផល ១-០។
CAF បានបញ្ជាក់ថា សេណេហ្គាល់ត្រូវបានដកសិទ្ធិម្ចាស់ជើងឯក ដោយហេតុថាបោះបង់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលរំលោភលើមាត្រា៨២ នៃបទប្បញ្ញត្តិពានរង្វាន់ AFCON។ មាត្រា៨៤ ត្រូវបានអនុវត្ត ដោយលទ្ធផលត្រូវសម្រេចឱ្យម៉ារ៉ុកឈ្នះសេណេហ្គាល់ ៣-០ ដោយស្វ័យប្រវត្តិ និងក្លាយជាម្ចាស់ជើងឯក AFCON ប្រចាំឆ្នាំ២០២៥។
នៅក្នុងសវនាការវិន័យដំបូង CAF បានដាក់ពិន័យជាទឹកប្រាក់ជាង១លានដុល្លារ ក៏ដូចជាដាក់បម្រាមលើកីឡាករ និងមន្ត្រីសេណេហ្គាល់ និងម៉ារ៉ុក ដែលបានបង្កភាពតានតឹងនៅលើទីលាន។
ពត៌មាននេះត្រូវបានចេញផ្សាយដោយសារព័ត៌មាន The Guardian និង ESPN ដែលជាការសម្រេចដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្របាល់ទាត់អាហ្វ្រិក។
