ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចេញសេចក្តីបំភ្លឺឆ្លើយតបទៅនឹងការផ្សាយតាមបណ្តាញសង្គម TikTok របស់ជនជាតិចិនម្នាក់ ដែលបានអំពាវនាវឱ្យ “កុំមកកម្ពុជា” ដោយសារការស្មុគស្មាញក្នុងការរៀបឯកសារ។

បើតាមការបញ្ជាក់នៅក្នុងសេចក្តីបំភ្លឺចេញនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ដំណើរដើមទងនៃរឿងនេះគឺថា មានអ្នកទេសចរជនជាតិចិនម្នាក់ឈ្មោះ PENG ZHILEI ភេទប្រុស ធ្វើដំណើរតាមជើងហោះហើរលេខ K6-669 (CAN-KTI) ចូលមកកម្ពុជាក្នុងគោលបំណងទេសចរណ៍។ ប៉ុន្តែក្រោយពីមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិតេជោសាកសួរ រកឃើញថា រូបគេមិនមានសំបុត្រយន្តហោះសម្រាប់ការត្រឡប់ទៅវិញទេ គឺមានតែសំបុត្រយន្តហោះចូលមកព្រះរាជាណាចក្រកម្ពុជា (One way ticket)។
ហេតុនេះមន្ត្រីនគរបាលអន្តោប្រវេសន៍បានណែនាំតម្រូវឱ្យសាមីខ្លួនត្រូវទិញសំបុត្រយន្តហោះសម្រាប់ត្រឡប់ទៅវិញ ទើបអនុញ្ញាតឱ្យចូលមកកម្ពុជា។ ក្រោយពីសាមីខ្លួនបានទិញសំបុត្រយន្តហោះសម្រាប់ការត្រឡប់ទៅវិញរួចរាល់ រូបគេក៏ត្រូវបានអនុញ្ញាតឱ្យចូលមកកម្ពុជា។
ជាមួយគ្នានេះ រូបគេក៏បានថតផ្សាយតាមបណ្តាញសង្គម TikTok ផ្ទាល់ខ្លួន ដោយបានលើកឡើងថា “កុំមកកម្ពុជាៗៗៗ… មានការស្មុគស្មាញក្នុងការរៀបឯកសារ…ដោយប្រើពេលវេលា៣-៤ម៉ោង…ទើបគាត់បានចេញពីអាកាសយានដ្ឋាន”។ នៅចុងវីដេអូរបស់បុរសជនជាតិចិននោះ ក៏បានបញ្ជាក់ដែរអំពីតម្រូវការឯកសារដែលកម្ពុជាបានកំណត់ បើអ្នកមកជាលក្ខណៈទេសចរណ៍តម្រូវមានឯកសារអ្វីខ្លះ មកជាលក្ខណៈការងារត្រូវត្រៀមឯកសារអ្វីខ្លះ។
តាមខ្លឹមសារនៃសារដែលបុរសជនជាតិចិនបានបង្ហោះខាងលើ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ថា រូបគេទទួលស្គាល់ការរឹតបន្តឹង និងការអនុវត្តនីតិវិធីរបស់មន្ត្រីនគរបាលអន្តោប្រវេសន៍នៅអាកាសយានដ្ឋានអន្តរជាតិតេជោ គឺសមស្របសម្រាប់ការចូល-ចេញព្រះរាជាណាចក្រកម្ពុជា និងទប់ស្កាត់ការហូរចូលនៃជនបរទេសដែលមានបំណងចូលមកធ្វើសកម្មភាពណាមួយដោយខុសច្បាប់៕
