ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំជាផ្លូវការស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ នៅទីក្រុងភ្នំពេញ ដើម្បីធានាឱ្យពិធីបុណ្យធ្វើឡើងដោយអធិកអធម និងរក្សាបាននូវវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ។

យោងតាមសេចក្តីណែនាំ បុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៦ ដោយមានដំណើរសង្ក្រាន្តដូចខាងក្រោម៖
- ថ្ងៃទី១៤ មេសា ២០២៦ (ថ្ងៃអង្គារ ១២រោច ខែចេត្រ) វេលាម៉ោង ១០:៤៨នាទីព្រឹក – ជាថ្ងៃចូលឆ្នាំថ្មី
- ថ្ងៃទី១៥ មេសា ២០២៦ (ថ្ងៃពុធ ១៣រោច ខែចេត្រ) – ជាថ្ងៃវ័នបត
- ថ្ងៃទី១៦ មេសា ២០២៦ (ថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រ) – ជាថ្ងៃឡើងស័ក

រដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញគោលការណ៍សំខាន់ៗសម្រាប់គ្រប់ស្ថាប័ន វត្តអារាម និងអង្គការទាំងអស់ក្នុងរាជធានី ដោយសុំឱ្យ៖
- រៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់
- តុបតែងលម្អកំណាត់បូ បំភ្លឺភ្លើងពណ៌ និងដុតគោមបំភ្លឺឱ្យបានស្រស់ស្អាត
- ចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងទង់រំយោលតាមស្ថាប័ននីមួយៗ
- តាំងបដាពាក្យស្លោកដែលមានខ្លឹមសារឆ្លុះបញ្ចាំងពីសន្តិភាព ការអភិវឌ្ឍជាតិ និងប្រពៃណីទំនៀមទម្លាប់ពិធីបុណ្យ

ការណែនាំនេះធ្វើឡើងដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ព្រមទាំងបង្កើនសោភ័ណភាពរាជធានីភ្នំពេញឱ្យកាន់តែស្រស់ស្អាតក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។

រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវឱ្យរដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ គ្រឹះស្ថានសិក្សា វត្តអារាម ក្រុមហ៊ុន រោងចក្រ និងមជ្ឈមណ្ឌលកម្សាន្តទាំងអស់ធ្វើតាមសេចក្តីណែនាំនេះដើម្បីឱ្យពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២៦ ប្រព្រឹត្តទៅដោយជោគជ័យ និងរក្សាបាននូវភាពស្រស់ស្អាត និងសណ្តាប់ធ្នាប់ល្អនៃទីក្រុងភ្នំពេញ។



បុណ្យចូលឆ្នាំខ្មែរគឺជាពិធីបុណ្យប្រពៃណីដ៏សំខាន់បំផុតមួយរបស់ប្រជាជាតិខ្មែរ ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅទូទាំងប្រទេសតែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីសម្តែងនូវអំណរសាទរចំពោះការចូលមកដល់នៃឆ្នាំថ្មី និងសម្តែងការគោរពដឹងគុណចំពោះព្រះសង្ឃ ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំជាតិ។
