ខេត្តក្រចេះ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានចុះពិនិត្យសំណង់ប្រវត្តិសាស្ត្រ «ផ្ទះសសរ១០០» និងផ្តល់អនុសាសន៍ចាំបាច់សម្រាប់ការថែទាំ កែលម្អ និងជួសជុល។

ការចុះពិនិត្យនេះបានធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រីអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។

បន្ទាប់ពីបានចុះពិនិត្យផ្ទាល់ លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ជាច្រើនសម្រាប់ការកែលម្អបន្ថែម ដើម្បីរក្សាមរតកបុរាណឱ្យបានគង់វង្ស និងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឱ្យមកទស្សនាកាន់តែច្រើន។
ផ្ទះសសរ១០០ ដែលមានវ័យជាង១០០ឆ្នាំ ស្ថិតនៅវិហាររកាកណ្ដាល សង្កាត់រការកណ្ដាល ក្រុងក្រចេះ។ ផ្ទះប្រវត្តិសាស្ត្រនេះជាទីតាំងទេសចរណ៍ដ៏សំខាន់មួយក្នុងខេត្តក្រចេះ ដែលត្រូវបានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះរៀបចំសាងសង់ឡើងវិញក្រោយពេលម្ចាស់ផ្ទះបរិច្ចាគជូននៅឆ្នាំ២០២០។

បច្ចុប្បន្ន ផ្ទះសសរ១០០នៅសល់សសរតែ៤០ដើមប៉ុណ្ណោះ ដោយសសរផ្សេងៗទៀតមានសភាពទ្រុឌទ្រោម ហើយត្រូវបានគេដកចេញ។ ទោះជាយ៉ាងណា សម្ភារបុរាណជាច្រើននៅតែត្រូវបានរក្សាទុកយ៉ាងល្អ រួមមានគ្រឿងសង្ហារឹម គ្រឿងតម្បាញ ព្រះគណេស កណ្តៀវ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ដើម្បីបង្ហាញដល់ភ្ញៀវទេសចរ។


ការចុះពិនិត្យរបស់លោករដ្ឋមន្ត្រីបានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងការថែទាំ និងអភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រ ដែលជាទ្រព្យសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់ជាតិ។






ដោយ៖ តារា
រូបថត៖ ខឹម សុវណ្ណារ៉ា
